ភ្នំពេញ ៖ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អ្នកថែទាំងជំងឺកូវីដ១៩ នៅតាមផ្ទះគិតត្រឹមថ្ងៃទី១២ ខែកក្កដា នេះ មានចំនួន ១០៣៣នាក់ កំពុងតែទទួលការព្យាបាលថែទាំនៅតាមផ្ទះ។ ចាប់តាំងពីអនុវត្តការថែទាំព្យាបាលតាមផ្ទះអ្នកជំងឺដែលបានជាមានចំនួន ២៦៨នាក់ បូកបន្ថែមពីលើចំនួនដែលកំពុងតែព្យាបាល។

ការបញ្ជាក់របស់ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅក្នុងសន្និសីទកាសែត ផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា “គិតត្រឹមព្រឹកថ្ងៃទី១២ ខែកក្កដានេះ អ្នកព្យាបាលតាមផ្ទះមានចំនួន ១០៣៣នាក់ ក្នុងនោះមាននៅខណ្ឌសែនសុខចំនួន ២២៦នាក់ , ខណ្ឌមានជ័យ ចំនួន ១៣២នាក់ , ខណ្ឌពោធិ៍សែនជ័យ ចំនួន ១១៨នាក់ , ខណ្ឌបឹងកេងកង ចំនួន ៩៨នាក់ , ខណ្ឌដង្កោ ចំនួន ៨៩នាក់ , ខណ្ឌឫស្សីកែវ ចំនួន ៦៥នាក់ , ខណ្ឌច្បារអំពៅ ចំនួន ៥៨នាក់ , ខណ្ឌដូនពេញ ចំនួន ៥៤នាក់ , ខណ្ឌចំការមន ចំនួន ៥៣នាក់ , ខណ្ឌទួលគោក ចំនួន ៣៩នាក់ , ខណ្ឌកំបូល ចំនួន ៣៤នាក់ , ខណ្ឌជ្រោយចង្វារ ចំនួន ៣០នាក់ និងខណ្ឌព្រែកព្នៅ មានចំនួនមានចំនួនតិចជាងគេ”។

លោក ងី មានហេង បានបន្តទៀតថា ចំពោះអ្នកព្យាបាលជាមានចំនួន ២៦៨នាក់ ចាប់តាំអពីអនុវត្តការព្យាបាល ថែទាំតាមផ្ទះកាលពីចុងខែមេសា។ ហើយចំពោះកុមារដែលព្យាបាល ថែទាំតាមផ្ទះមានចំនួនតិចតួច៕ រក្សាសិទ្ធិដោយ៖ ចេស្តារ


