ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២០ គាំទ្រយុទ្ធនាការ “កិច្ចគាំពារមាតុភាព” របស់អង្គការអុកស្វាម និងចូលរួមលើកកម្ពស់ ការពង្រឹងសិទ្ធិអំណាចស្រ្តី

ភ្នំពេញ ៖ ក្នុងអំឡុងពេលដ៏មមាញឹកក្នុងការងារ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២០ កញ្ញារ៉េត សារីតា សម្តែងការគាំទ្ររបស់ខ្លួនលើយុទ្ធនាការរបស់អង្គការអុកស្វាម ដោយធ្វើការផ្សព្វផ្សាយ ឲ្យមានភាពប្រសើរឡើងលើកិច្ចគាំពារមាតុភាព ដល់ស្រ្តីជាកម្មការិនីទាំងអស់ រួមទាំង ស្រ្តីធ្វើការក្រៅប្រព័ន្ធផងដែរ។

នៅពាក់កណ្តាលខែមិថុនានេះ កញ្ញារ៉េត សារីតា បានមើលវីដេអូ និងតាមដាន យុទ្ធនាការ “កិច្ចគាំពារមាតុភាព” លើគេហទំព័រហ្វេសប៊ុកអង្គការអុកស្វាម ។ ស្ត្រីខ្មែរជាច្រើនត្រូវប្រឈមនឹងការលំបាក ក្នុងការរក្សាតុល្យភាពរវាងការងារ និងការថែទាំគ្រួសារ ខណៈពេលដែលពួកគេពុំមានសិទ្ធិ ក្នុងការទទួលបានកិច្ចគាំពារមាតុភាព។ កញ្ញាសារីតា មានអារម្មណ៍ក្តុកក្តួល ហើយក៏ចាប់អារម្មណ៍ថាចង់យកជាតួនាទីរបស់ខ្លួនក្នុងគាំទ្រយុទ្ធនាការមួយនេះ តាមរយៈការប្រើប្រាស់ប្រជាប្រិយភាពដែលកំពុងមានការកើនឡើង ក៏ដូចជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ល្បីល្បាញរបស់ខ្លួនផងដែរ។

កញ្ញាសារីតា និយាយថា៖ “ ក្នុងនាមជាស្ត្រីកម្ពុជាមួយរូប នាងខ្ញុំមានការភ្ញាក់ផ្អើល និងសោកស្តាយ នៅពេលដឹងថា ប្រហែលជា៩០% នៃស្ត្រីជាកម្មករក្នុងប្រទេសកំណើតរបស់ខ្ញុំ មិនមានសិទ្ធិទទួលបានអត្ថប្រយោជន៍ កិច្ចគាំពារមាតុភាព ពីព្រោះពួកគេបំពេញការងារក្នុង “វិស័យក្រៅប្រព័ន្ធ” ។
កញ្ញាក៏បានបន្ថែមទៀតថា៖ “ស្ត្រីកម្ពុជាសមទទួលបានភាពល្អប្រសើរជាងនេះ។ ស្រ្តីជាសរសរទ្រូងនៃគ្រួសារ និងសង្គម ដូច្នេះយើងគួរតែធានាថា ពួកគេទទួលបានការគាំទ្រពេញលេញមួយ អំឡុងពេលពរពោះ និងសម្រាកមាតុភាព ជាពិសេស គឺក្នុងកំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ តែម្តង ដែលម្តាយធ្វើការទាំងអស់ រួមទាំងអ្នកធ្វើការក្រៅប្រព័ន្ធក៏ដោយ ពិតជាសមនឹងទទួលបានការការពារពីច្បាប់ ហើយអាចទទួលបានប្រាក់ចំណូលគ្រប់គ្រាន់ក្នុងការថែរក្សាខ្លួន និងកូនៗរបស់ពួកគេ។ ដើម្បីធានាបាននូវស្ថានភាពនេះ យើងត្រូវតម្រូវឱ្យមានការផ្តល់ ការឈប់សម្រាកមាតុភាពដែលទទួលបានចំណូល និងការទទួលបានអត្ថប្រយោជន៍សាច់ប្រាក់ ហើយព្រមទាំងការវិនិយោគលើសេវាកម្មថែទាំកុមារដែលមានតម្លៃសមរម្យមួយ ដែលអាចការពារស្ត្រីពីការជ្រើសរើសរវាងការងារ និងការចិញ្ចឹមបីបាច់ថែរក្សាកូន។ ម្តាយគ្រប់រូបត្រូវតែរាប់បញ្ចូល ហើយស្ត្រីទាំងអស់គួរតែទទួលបានកិច្ចគាំពារ រួមទាំងអ្នកដែលមានការងារក្នុងវិស័យក្រៅប្រព័ន្ធក៏ដោយ”។

កញ្ញាសារីតា ធ្លាប់ធ្វើការងារតស៊ូមតិជាយូរមកហើយ អំពីបញ្ហាសិទ្ធិរបស់ស្ត្រី។ ក្នុងនាមជាតារាសម្តែងមួយរូប ការចេញមុខជាលើកដំបូងរបស់កញ្ញា គឺនៅលើខ្សែភាពយន្តភាគដែលមានចំណងជើងថា Love9 របស់ប៊ីប៊ីស៊ី មេឌា អេកស៊ិន ដ៏ល្បីល្បាញមួយ។ ដោយសម្តែងជាតួអង្គម៉ារីម៉ា ដែលមានអត្តចរិកចង់ដឹង ចង់ឃើញ និងពោរពេញដោយទំនុកចិត្តនោះ កញ្ញាសារីតា បានប្រើប្រាស់បុគ្គលិកលក្ខណៈរបស់ខ្លួន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងសុខភាពផ្លូវភេទ និងការបន្តពូជ។
មួយផ្នែកដោយសារការសម្តែងដ៏ល្អរបស់កញ្ញាជាតួអង្គនេះ ក្នុងឆ្នាំ ២០១៦ កញ្ញាសារីតាទទួលបានពានរង្វាន់ “ជើងឯកយុវជន” ពីមូលនិធិប្រជាជនអង្គការសហប្រជាជាតិ
ដែលជាទីភ្នាក់ងារឈានមុខគេរបស់អង្គការសហប្រជាជាតិលើផ្នែកសិទ្ធិមាតា និងសិទ្ធិបន្តពូជ។

លោកស្រី លឹម សូលីន នាយិកាអង្គការអុកស្វាមមានប្រសាសន៍ថា៖ “យើងសូមស្វាគមន៍ចំពោះការគាំទ្ររបស់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២០ កញ្ញារ៉េត សារីតា លើយុទ្ធនាការ លើកកម្ពស់កិច្ចគាំពារមាតុភាពសម្រាប់ស្ត្រី និងម្តាយនៅកម្ពុជាទាំងអស់ ដើម្បីធានាបាននូវសុខភាព សន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី កូនៗ និងគ្រួសាររបស់ពួកគេ”។ “យុទ្ធនាការនេះ គឺជាការងារមួយដ៏សំខាន់នៃកម្មវិធីកិច្ចគាំពារសង្គមក្នុងតំបន់ របស់អង្គការអុកស្វាម ដើម្បីលើកកម្ពស់ការងារសមរម្យសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សមភាព និងវឌ្ឍនភាព នៅទូទាំងតំបន់អាស៊ាន។ ដូចដែលយើងបានសង្កេតឃើញថា កិច្ចគាំពារមាតុភាព គឺកិច្ចគាំពារសង្គម ដែលបណ្តាប្រទេសជាច្រើន ដូចជាប្រទេសកម្ពុជា ពុំអាចបន្តមើលរំលងតទៅទៀតបាននោះទេ។
ប្រសិនបើមានការផ្តល់នូវកិច្ចគាំពារមាតុភាព កម្មការនីនឹងអាចមានឱកាសក្នុងការលើកកម្ពស់ខ្លួន និងក្រុមគ្រួសារ ប្រយុទ្ធចេញពីភាពក្រីក្របាន ហើយជាពិសេសនោះសម្រាប់កម្មការនីក្រៅប្រព័ន្ធដែលងាយរងគ្រោះតែម្តង។ នេះជាការល្អសម្រាប់សង្គម និងសេដ្ឋកិច្ច”៕
រក្សាសិទ្ធិដោយ៖CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម