ភ្នំពេញ ៖ មន្រ្តីក្រសួងពាណិជ្ជកម្ម បានអះអាងថា បច្ចុប្បន្ននេះ ទីផ្សារនាំចេញកង់របស់កម្ពុជាកំពុងលេចធ្លោ បើធៀបនឹងផលិតផលផ្សេងៗ។ ការនាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈដែលកម្ពុជាទទួលបានរោងចក្រតម្លើងកង់ជាច្រើន ក្នុងនោះបានប្រើប្រាស់វត្ថុធាតុដើមជាគ្រឿងបង្គុំ និងបន្លាស់តម្លើង ជាផលិតផលសម្រេចដើម្បីនាំចេញ។

បើតាមលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កំណើននៃការផលិត ការបញ្ជាទិញ និងការនាំចេញបានកើនឡើងបន្តិចម្ដងៗ ដែលគិតរហូតមកទល់ពេលនេះ កម្ពុជាឈានដល់ការផលិតគ្រឿងបន្លាស់ ជាបំណែកៗដោយខ្លួនឯងហើយ ដើម្បីតម្លើងកង់ ដោយកាត់បន្ថយការនាំចូលជាអតិបរិមា។
បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងរយ:ពេល៥ខែ ឆ្នាំ២០២១នេះ ការនាំចេញកង់ពីកម្ពុជា ទៅ៤៥ប្រទេស ក្នុងនោះ រួមមាន ប្រទេសហូឡង់ អាល្លឺម៉ង់ អង់គ្លេស អាមេរិច និងប៊ែលហ្សិកជាដើម ដែលមានទំហំទឹកប្រាក់សរុបចំនួនប្រមាណ ២១៥លានដុល្លារ និងការនាំចេញទៅកាន់ប្រទេសផ្សេងៗទៀត សរុបប្រមាណជាង ២៥៤លានដុល្លារ។

បើយោងតាមមន្រ្តីក្រសួងពាណិជ្ជកម្ម គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១នេះ ការនាំកង់ចេញពីកម្ពុជា សរុបចំនួនប្រមាណ១លានគ្រឿង គិតជាទឹកប្រាក់ចំនួន ប្រមាណជាង ២៥៤លានដុល្លារ កើនឡើងជាង ៣១ភាគរយ បើបៀបធៀបរយៈពេលដូចគ្នា នឹងឆ្នាំ២០២០កន្លងទៅ។
គួរបញ្ជាក់ថា វិស័យតម្លើងកង់នៅកម្ពុជា បាននិងកំពុងទាក់ទាញទាំងក្រុមហ៊ុនផលិតកង់ និងរោងចក្រផលិត គ្រឿងបន្លាស់ធំៗ ឱ្យចូលមកវិនិយោគនៅកម្ពុជា ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង៕ រក្សាសិទ្ធិដោយ៖CEN


