Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលតម្កល់ទោសស្ត្រីម្នាក់ ដាក់៨ឆ្នាំ ជាប់ពាក់ព័ន្ធ នឹងការរត់ពន្ធនារីខ្មែរ១៦នាក់ ពីកម្ពុជា ទៅធ្វើការខុសច្បាប់ នៅក្នុងប្រទេស ម៉ាឡេស៊ី

ភ្នំពេញ ៖ តុលាការកំពូលកាលពីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២១នេះ បានបើកសវនាការ ប្រកាសសាលដីកាលើបណ្តឹងសារទុក្ខ របស់ស្រ្តីជនជាប់ចោទម្នាក់ជាប់ពាក់ព័ន្ធ នឹងការរត់ពន្ធនារីខ្មែរ១៦នាក់ ពីកម្ពុជា ទៅធ្វើការដោយ ខុសច្បាប់ នៅក្នុងប្រទេសម៉ាឡេស៊ី ប្រព្រឹត្តកាលពី អំឡុងឆ្នាំ ២០១៥ និង ២០១៦។

តុលាការកំពូលបានសម្រេច តម្កល់សាលដីការបស់សាលាឧទ្ធរណ៍ រក្សាទុកជាបានការដដែល និងតម្កល់ទោស ស្ត្រីជាប់ចោទ ដាក់គុកកំណត់ ០៨ ឆ្នាំដដែល និង ប្រកាសបិទផ្លូវតវ៉ា។

លោកចៅក្រម ឃឹម ប៉ុណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូលបានថ្លែងថា នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ មានឈ្មោះ អ៊ុ រ៉ាឌីន ហៅ មាំ ហៅ ម៉ា ហៅ ជោលី ភេទស្រី អាយុ ២៦ ឆ្នាំ ខ្មែរឥស្លាម រស់នៅ ក្នុងសង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ។

លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៨ កាត់ទោសដាក់ពន្ធនាគារ កំណត់ ៨ ឆ្នាំ ពីបទ៖ « នាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន» តាមបញ្ញតិ្ត មាត្រ១១ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស នឹងអំពើអាជីវកម្មផ្លូវភេទ។

តែនាងបានប្តឹងជំទាស់នឹងសាលក្រមខាងលើទៅកាន់សាលាឧទ្ទរណ៍ ។ សាលាឧទ្ទរណ៍ នៅថ្ងៃទី២២ ខែ តុលា ឆ្នាំ២០២០ បានសម្រេចតម្កល់ទោសរបស់នាងដដែល។ នាងបន្តប្តឹងសារទុក្ខសាលដីកា របស់សាលាឧទ្ធរណ៍ ទៅកាន់តុលាការកំពូល។

យោងតាមរបាយការណ៍ របស់នគរបាលបាលប្រឆាំងការជួញដូរមនុស្ស នៃ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនជាប់ចោទ ឈ្មោះ អ៊ុ រ៉ាឌីន ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី១ ខែ កញ្ញា ឆ្នាំ ២០១៧ តាមបណ្តឹងរបស់នារីរងគ្រោះ ចំនួន ១៦នាក់ (ជនជនរងគ្រោះ) ដែលបានប្តឹងនាងមក កាន់សមត្ថកិច្ចនគរបាលជំនាញថា៖ ជនជាប់ចោទ បានឆបោក និង ជួញដូរ ពួកគេទៅធ្វើការជាអ្នកបម្រើនៅតាមផ្ទះ ដោយធ្វើដំណើរតាម ច្រកប៉ោយប៉ែត ព្រំដែន កម្ពុជា ថៃ កាលពីឆ្នាំំ ២០១៦។

តែពេលដល់ប្រទេសម៉ាឡេស៊ី ពួកគេត្រូវបានលក់ឲ្យ ទៅធ្វើការហាងម៉ាស្សា បម្រើផ្លូវទៅវិញ៕
រក្សាសិទ្ធិដោយ៖ ចន្ទា ភា

×