ភ្នំពេញ ៖ ថ្មីៗនេះ វីដេអូចែករំលែកមួយ ឃើញថាបានកំពុងទទួលការចាប់អារម្មណ៍ និងអស់សំណើចជាខ្លាំងតែម្តង ខណៈបានឃើញអ៊ំស្រីម្នាក់បានទៅកន្លែងវីងមួយកន្លែង ដោយបានភ្ជាប់ទៅជាមួយប្រដាប់បាញ់អាល់កុល មានរាងដូចកាំភ្លើងបាញ់ទឹក ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺនៅអំឡុងពេលនោះ គាត់បានបង្ហាញសកម្មភាពបាញ់អាល់កុលជុំវិញក្នុងកន្លែងវីង សឹងតែមិនដកដៃ ទាំងទៅលើខ្លួនគាត់ផង និងទៅលើស្រីម្នាក់ដែលប្រហែលជាកូនស្រីរបស់គាត់ រហូតដល់ពេលចាកចេញវិលត្រឡប់ទៅផ្ទះវិញ។

ពិតណាស់ ជាមួយនិងសកម្មភាពដ៏ចម្លែករបស់អ៊ំស្រីខាងលើនេះផងដែរ ឃើញថាបានធ្វើឲ្យអ្នកមកផ្ញើ-ដកលុយ នាំគ្នាស្រឡាំងកាំងលួចអស់សំណើច និងជាពិសេស គឺម្ចាស់វីង ព្រោះតែមានការព្រួយបារម្ភ ក៏បានប្រាប់ទៅគាត់ ឲ្យបញ្ឈប់សកម្មភាពបាញ់ដ៏មិនឈប់ឈរនេះ ព្រោះខ្លាចរលុបលេខកូដក្រដាសរបស់គេ។
ក្រោយឃើញបែបនេះ ក៏បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន នាំគ្នាអស់សំណើចគ្រប់ៗគ្នា ដែលក្នុងនោះ អ្នកខ្លះបានលាន់មាត់ថា «បាញ់បែបនេះ ទោះមេរោគខ្លាំងលំដាប់ណា ក៏តោងមិនជាប់ដែរ… សុំសរសើរអ៊ំស្រីហើយ»។

តែទោះយ៉ាងណា នេះសបញ្ជាក់ឲ្យឃើញថា គាត់ពិតមានការយកចិត្តទុកដាក់ និងការពារខ្លួនបង្ការចម្លងមេរោគ ទៅកាន់អ្នកដទៃយ៉ាងខ្ជាប់ខ្ជួន ដើម្បីអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល «៣ការពារ ៣កុំ» ព្រោះថា យើងអាចភ្លេចកូវីដ-១៩ តែកូវីដមិនភ្លេចយើងនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








