ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹក ថ្ងៃទី ១១ ខែ កក្កដា ២០២១ បានប្រកាសសាលដីកា តម្កល់ទោសបុរសជាប់ចោទជួញដូរគ្រឿងញៀនម្នាក់ ដាក់ទណ្ឌកម្មទោសគាត់ ដាក់គុក កំណត់ ៦ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដួរគ្រឿងញៀនប្រភេទ ម៉ាទឹកកកចំនួនមួយកញ្ចប់ធំ ទម្ងន់៤៥.៦៨ក្រាម ប្រព្រឹត្តកាលពី អំទ្បុងឆ្នាំ២០១៨ ។
លោកឃឹម ប៉ុណ្ណ ប្រធានចៅក្រមជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទរូបនេះ មានឈ្មោះ កាដិប រតនៈ ភេទប្រុស អាយុ៣៦ឆ្នាំ ។
ជនជាប់ចោទ ត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៩ ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់៦ ឆ្នាំ និងពិន័យប្រាក់ចំនួន ១០លានរៀល ក្រោមការចោទប្រកាន់ ពីបទ រក្សាទុក និងជួញដូរគ្រឿងញៀន មាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែជនជាប់ចោទ រតនៈ បានប្តឹងជំទាស់នឹងសាលក្រមខាងលើ ទៅសាលាឧទ្ធរណ៍។
សាលាឧទ្ធរណ៍បានតម្កល់ទោសគាត់ នៅថ្ងៃទី២០ ខែតុលា ២០២០។ គាត់ក៏បន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូល និង សំណូមពរសុំសន្ធូរបន្ថយទោសរបស់គាត់។
ជនជាប់ចោទត្រូវបានចាប់ខ្លួននៅក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ខណៈ ពេលដែលគាត់បានលក់គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួនមូយកញ្ចប់ធំ ទម្ងន់ ៤៥.៦៧ ក្រាម ឲ្យភ្នាក់ងារ សមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរគ្រឿងញៀន ដែលបន្លំខ្លួន ធ្វើជាអ្នកបញ្ជាទិញថ្នាំញៀន៕
រក្សាសិទ្ធិដោយ ៖ ចន្ទា ភា