ភ្នំពេញ ÷ អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង និងសមត្ថកិច្ចខណ្ឌទួលគោក។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅផ្លូវលេខ១៨២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

ម្ចាស់ផ្ទះខាងលើមានឈ្មោ អោម សំអាត ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរមេផ្ទះ។ តាមការរៀបរាប់ពីស្ត្រី ដែលជាម្ចាស់ផ្ទះខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានកំដៅសម្ល នឹងចង្រ្កានហ្គាស រួចអស់កម្លាំងពេក ក៏សម្រាន្តលក់មួយភាំង បណ្តាលឲ្យឆាបឆេះក្រណាត់ ដែលនៅក្បែនឹងចង្ក្រាន បង្កឲ្យមានផ្សែងហុយចេញមកខាងក្រៅ ផ្អើលដល់អ្នកជិតខាងឡើង ទៅស្រែកប្រាប់ម្ចាស់ផ្ទះថា អ៊ុំៗផ្ទះអ៊ុំឆេះ ទើបម្ចាស់ភ្ញាក់ឡើងស្រឡាំងកាំង នាំចៅៗរត់ចុះមកខាងក្រោម។
ក្នុងហេតុការណ៍អគ្គិភ័យនេះដែរ សមត្ថកិច្ចនគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿងចេញទៅជួយអន្តរាគមន៍ បាញ់ទឹកទប់ស្កាត់កុំឲ្យមានការ រាលដាលដល់ផ្ទះអ្នកជិតខាង ហើយអគ្គិភ័យខាងលើនេះ បានរលត់ទៅវិញជាស្ថាពរ នៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃដដែល៕ រក្សាសិទ្ធិដោយ ៖ សួង សាម



