ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសនៃរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋ អាមេរិក ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២១។

ការអញ្ជើញចូលរួមកិច្ចប្រជុំនេះ តាមការអញ្ជើញរបស់រដ្ឋមន្រី្តការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូ សន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន ។
រដ្ឋមន្រ្តីការបរទេស អាស៊ាន និងលោក អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្រី្តការបរទេស សហរដ្ឋអាមេរិក រំពឹងថានឹង ពិភាក្សាគ្នាអំពីអភិក្រមជាក់ស្តែង ដើម្បីពង្រឹង ទំនាក់ទំនង និងកិច្ច សហ ប្រតិបត្តិការ អាស៊ាន -សហរដ្ឋ អាមេរិក រួមទាំងលើកិច្ចប្រឹងប្រែង ដោះស្រាយបញ្ហាប្រឈមបណ្តាលមកពី ការរាតត្បាតនៃជំងឺកូវីដ-១៩។ ទន្ទឹមនេះ ក៏អាចមានការពិគ្រោះយោបល់គ្នាផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាការចាប់អារម្មណ៍រួម។
ជំនួបតាមប្រព័ន្ធវីដេអូនេះ ឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាក្នុងការជំរុញបន្ថែមទៀត ភាពជាដៃគូ យុទ្ធសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕ រក្សាសិទ្ធិដោយ: ចេស្តារ
