ភ្នំពេញ ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី (ហ្វូណន) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា ដើម្បីផ្តល់ជូនសេវាបង់សងប្រាក់កម្ចីដោយមិនគិតថ្លៃសេវា។
ប្រូម៉ូសិនដែលផ្តល់ជូនការលើកលែងថ្លៃសេវាជាមួយ ហ្វូណន នេះ មានសុពលភាពចំពោះអតិថិជនដែលបង់សងប្រាក់កម្ចីជូន ហ្វូណន តាមរយៈភ្នាក់ងាររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី។ ការផ្តល់ជូនសេវាដោយមិនគិតថ្លៃសេវានេះមានសុពលភាពចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២១។
លោក ឃូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិរបស់ ហ្វូណន បានថ្លែងថា៖ “នេះគឺជាគំនិតផ្តួចផ្តើមរួមគ្នាមួយ ដែលផ្តល់អត្ថប្រយោជន៍ដល់ទាំងអតិថិជន របស់ក្រុមហ៊ុន ទ្រូម៉ាន់នី និងអតិថិជនរបស់ ហ្វូណន។ ហ្វូណន ចាំបាច់ត្រូវពង្រីកបណ្តាញនានា ដើម្បីបម្រើសេវាជូនដល់អតិថិជនរបស់ខ្លួននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ជាពិសេស វាធ្វើឱ្យអតិថិជនរបស់យើងកាន់តែ មានភាពងាយស្រួល និងកាត់បន្ថយការចំណាយ ដូចដែល ហ្វូណន សហការជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី នៅថ្ងៃនេះអ៊ីចឹង”។
លោកបានបន្ថែមថា គំនិតផ្តួចផ្តើមនេះ គឺជាកិច្ចប្រឹងប្រែងរួមគ្នាមួយដោយ ហ្វូណន និងក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីធ្វើឱ្យការបង់សងប្រាក់កម្ចីកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជន តាមរយៈការកាត់បន្ថយការចំណាយ ពេលវេលាធ្វើដំណើរទៅកាន់សាខារបស់ ហ្វូណន។ យុទ្ធនាការនេះក៏មានបំណង ពង្រីកម៉ោងធ្វើការផងដែរ ដែលក្នុងអំឡុងពេលនេះ អតិថិជនអាចធ្វើការទូទាត់ការចំណាយ និងការបង់សងប្រាក់កម្ចីជូន ហ្វូណន។

លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖ “អតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ជាញឹកញាប់បង្កើតការទុកចិត្ត និងស្គាល់ភ្នាក់ងារទ្រូម៉ាន់នី នៅក្នុងមូលដ្ឋានរបស់ពួកគេច្បាស់។ តាមរយៈការបន្ថែមសេវាទូទាត់ការចំណាយ និងបង់សងប្រាក់កម្ចីបែបនេះ តាមបណ្តាញភ្នាក់ងារដ៏ធំរបស់យើង យើងកំពុងផ្តល់ជូនសេវាមួយទៅកាន់ អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ព្រមទាំងអ្នកប្រើប្រាស់របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ផ្ទាល់របស់យើងផងដែរ”។
ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុត នៅក្នុងប្រទេសកម្ពុជា។
យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុនមានបណ្តាញភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់ នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជា ដែលមិនទាន់មានសេវាធនាគារ។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើន ប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែតាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។
អំពីក្រុមហ៊ុន ទ្រូម៉ាន់នី
ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាផ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេសទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំនៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ។
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន គឺជាបុត្រសម្ព័ន្ធរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ធ្វើប្រតិបត្តិការអាជីវកម្មផ្តល់ប្រាក់កម្ចី តាមរយៈបណ្តាញការិយាល័យប្រតិបត្តិការចំនួន ៥១សាខាដែលគ្របដណ្តប់រាល់តំបន់សក្តានុពលនានាទាំងកម្រិតខេត្ត និងស្រុកទូទាំងប្រទេសកម្ពុជា។ ភាគទុនិកនៃធនាគារប្រៃសណីយ៍កម្ពុជា ក.អ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនវិនិយោគកាណាឌីយ៉ាហូលឌីង ក្រុមហ៊ុនវិនិយោគហ្វូឡឺតុនហ្វាយណាន់ស្យល់ហូលឌីង ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុនដ៏ល្បីឈ្មោះនៃប្រទេសសីង្ហបុរី និង ក្រុមហ៊ុនស្វយ័តរបស់រដ្ឋគឺ ប្រៃសណីយ៍កម្ពុជា។
ដោយធនាគារប្រៃសណីយ៍កម្ពុជាជាក្រុមហ៊ុនវិនិយោគលើក្រុមហ៊ុនហ្វូណន ធ្វើការផ្តោតលើទីផ្សារចម្រុះនៃកម្រិតចំណូលអតិថិជន(Mass Market) ហើយជំហរទីផ្សារគោលដៅរបស់ហ្វូណនគឺបំពេញឱ្យទីផ្សារចម្រុះនេះ (Mass Market) ដោយផ្តោតលើអតិថិជនដែលមានកម្រិតចំណូលទាប និងកសិករនៅតាមទីជនបទ ដែលធនាគារពិបាកក្នុងការចាប់យក៕