ភ្នំពេញ ៖ អ្នកនាង មាស លក្ខិណា តារាចម្រៀង បែបមនោសញ្ចេតនា នឹងមានសំឡេងច្រៀងដូចរស់ សេរីសុទ្ឋា បានប្រឹងញញឹមឡើងវិញ នឹងបន្តជំហរជាថ្មី ក្រោយបាតដៃគូ។ អ្នកនាងបានប្រឹងប្រែង កសាងស្នាដៃជាថ្មីតាមរយៈសិល្បៈ ដោយតស៊ូប្រយុទ្ឋតែម្នាក់ឯង។ ក្រោយពេលប្រមូលសមាធិឡើងវិញអ្នកនាង បានរំលេចរឿងល្អៗជាច្រើនទាក់ទិនសិល្បៈ។

កាលពីប៉ុន្មានខែមុននេះ អ្នកនាងមាស លក្ខិណា បានបាត់បង់ដៃគូចម្រៀងទៅដោយមិនងាកក្រោយ គឺលោកផល្លីដែលមរណៈដោយគាំងបេះដូង។ អ្នកនាងស្ទើរតែទប់ជំហរមិនបាននៅពេលដែលបាត់បង់ មនុស្សដ៏មានតម្លៃមួយនេះ។ ម្នាក់ៗអាណិតអ្នកនាងដែលសុខៗ បាត់ដៃគូច្រៀងដ៏សំខាន់មួយ។ នៅមួយរយៈចុងក្រោយនេះ អ្នកនាងបានទទួលនូវ ភាពស្រឡះចិត្តឡើងវិញបានខ្លះ។ អារម្មណ៍ប្រសើរបន្តិច ក៏បានចំណាយពេលលើកមុខមាត់ សិល្បៈឈុតបុរាណខ្មែរ។ អ្នកនាងបានតុបតែងកាយប៉ុន្មានឈុត បង្ហាញអ្នកគាំទ្រ។ ការលើកឡើងនេះធ្វើឲ្យគេឯងសរសើរពីទឹកចិត្ត ព្រោះថាលំបាកចិត្តបែបណា នៅតែចំណាយពេលលើកមុខសិល្បៈ។
មាស លក្ខិណា ក្រោយបាត់បង់ដៃគូ នៅតែព្យាយាមថែរក្សាក្លិបសិល្បៈ ដែលសាងបានជាមួយគ្នា។ ក្លិបនោះជាកន្លែងដែលថតចម្រៀងផង និងជួលឲ្យសិល្បករមកថតដែរ។ អ្នកនាងក៏ជាអ្នកលក់អនឡាញម្នាក់ ដែលមានការគាំទ្រលើមុខរបរលក់ ត្រីងៀត ត្រីឆ្អើរ និងត្រីប្រឡាក់ផ្សេងៗ និងសាច់ក្រកឆ្ងាញ់ ដែលពេញនិយមទាំងក្នុងនិងក្រៅប្រទេស ៕ រក្សាសិទ្ធិដោយ៖សំណាងSV










