Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងថ្លែងការណ៍ នៅក្នុងសន្និសីទ ពាក់កណ្ដាលអាណត្តិរដ្ឋមន្ត្រីការបរទេស នៃចលនាមិនចូលបក្សសម័្ពន្ធនៅថ្ងៃទី១៣-១៤ ខែកក្កដា

ភ្នំពេញ ៖ តាមការអញ្ជើញរបស់ឯកឧត្តម Jeyhun Bayramov រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម ព្រមទាំងថ្លែងការណ៍ នៅក្នុងសន្និសីទពាក់កណ្ដាលអាណត្តិរដ្ឋមន្ត្រីការបរទេស នៃចលនាមិនចូលបក្សសម័្ពន្ធ (NAM) ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបន្តថា ក្រោមមូលបទ «ចលនាមិនចូលបក្សសម្ព័ន្ធ ស្ថិតនៅចំណុចកណ្តាល នៃកិច្ចខិតខំប្រឹងប្រែង ពហុភាគី ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល» សន្និសីទតាមប្រព័ន្ធវីដេអូនេះ នឹងផ្តល់ឱកាស ដល់រដ្ឋសមាជិក NAM ពិនិត្យមើលវឌ្ឍនភាព ដែលសម្រេចបានលើបញ្ហាផ្សេងៗ ពាក់ព័ន្ធនឹងរបៀបវារៈនៃចលនាមិនចូលបក្សសម្ព័ន្ធ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងបាគូ ឆ្នាំ២០១៩ ក៏ដូចជាធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា អំពីតួនាទីរបស់ NAM ក្នុងការឆ្លើយតបទៅនឹងកំណើននៃបញ្ហា ប្រឈមនានា ឱ្យកាន់តែមានប្រសិទ្ធិភាព។

សេចក្តីថ្លែងការណ៍របស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងផ្តោតលើមធ្យោបាយ និងរបៀប ដើម្បីធ្វើការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលនានា តាមរយៈកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការពហុភាគី ពង្រឹងគុណតម្លៃនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់មនុស្សជាតិ នៅក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ និងជំហររបស់កម្ពុជា ចំពោះពហុភាគីនិយមសម្រាប់សន្តិភាព៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×