Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម និងសហព័ន្ធធំៗ លើវិស័យទេសចរណ៍ចំនួន ៦ បញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានជំរុញកំណើនសេដ្ឋកិច្ចទាន់ពេលវេលា

ភ្នំពេញ ៖ ក្នុងលិខិតរបស់ សមាគម និងសហព័ន្ធធំៗចំនួន ៦ ផ្នែកឯកជនលើវិស័យទេសចរណ៍ ដែលបានសរសេរគោរពជូនសម្ដេច តេជោ សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយពួកគេបានសម្ដែងនូវការដឹងអំណរគុណចំពោះសម្ដេចតេជោ ដែលបានខិតខំប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច និងស្តារ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងនោះ ជួយដល់វិស័យទេសចរណ៍ទាន់ពេលវេលា និងចេញគោលដៅសំខាន់ៗ។

តាមរយ: លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យអ្នកសារព័ត៌មានដឹង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្នុងខ្លឹមសារលិខិតនោះថា តំណាងសមាគម និងសហព័ន្ធទាំង ៦ បានលើកឡើងថា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការទាន់ពេលវេលា និងចំគោលដៅ ទេសចរណ៍សំខាន់ៗ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ មកដល់បច្ចុប្បន្ន សរុបបានចំនួន ៩ ជុំហើយ ជួយសម្រួលបន្ទុក និងការលំបាករបស់អាជីវកម្មទេសចរណ៍ជាច្រើននៅទូទាំងប្រទេស រួមទាំងបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។

ក្នុងលិខិតរបស់ សមាគម និងសហព័ន្ធទាំង ៦ បានថ្លែងកោតសរសើរថា សម្តេចតេជោហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ដល់ការបង្កើតភាពស៊ាំក្នុងសហគមន៍ ដោយបានដាក់ចេញផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ទូទាំងប្រទេស ដែលជាការជំរុញឲ្យបើកដំណើរការឡើងវិញលើវិស័យទេសចរណ៍ និងថែមទាំងមានការបើកទូលាយដល់កញ្ចប់ទេសចរណ៍សម្រាប់ជនបរទេសដែលបានចាក់សាំងទាំង២ដូសរួចរាល់។

សូមបញ្ជាក់ថា ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ទាំង ៦ រួមមាន សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) , សហព័ន្ធទេសចរណ៍កម្ពុជា (CTF) , សមាគមទេសចរណ៍អាស៉ីប៉ាស៉ីហ្វិកកម្ពុជា (PATACC) , សមាគមសណ្ឋាគារកម្ពុជា (CHA) , សមាគមភោជនីយដ្ឋានកម្ពុជា (CRA) , និងសមាគមសហគមន៍ចុងភៅកម្ពុជា (CCS)៕ ពិសិដ្ឋ CEN

×