Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លក្ខខណ្ឌមួយចំនួន មុននឹងសម្រេចអនុញ្ញាត ឬផ្ដល់សិទ្ធិឱ្យអ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះ

ភ្នំពេញ ៖ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានពន្យល់ថា ដើម្បីដាក់អ្នកជំងឺកូវីដ-១៩ ឱ្យសម្រាកព្យាបាលនៅតាមផ្ទះបាននោះ គឺឆ្លងកាត់ការវាយតម្លៃពីក្រុមគ្រូពេទ្យ និងមានការព្រមព្រៀងជាមុនសិន។ ក្រៅពីមានសភាពស្រាល ឬមិនចេញរោគសញ្ញា គឺផ្ទះគាត់ត្រូវមានអំណោយផល ដោយមានបន្ទប់ដាច់ដោយឡែក មិនមែននៅបន្ទប់នៅរួមគ្នា ឬប្រើបន្ទប់ទឹករួមគ្នានោះទេ។ ម៉្យាងទៀត មុននឹងសម្រេចអនុញ្ញាត ឬផ្ដល់សិទ្ធិឱ្យព្យាបាលនៅតាមផ្ទះ ក៏ត្រូវទទួលបានព័ត៌មានលម្អិតពីអាជ្ញាធរមូលដ្ឋាន ដូចជាមេភូមិ ចៅសង្កាត់ ឬអាជ្ញាធរពាក់ព័ន្ធដែលនៅជិតបំផុតផងដែរ។

ការពន្យល់បែបនេះរបស់ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ រវាងក្រសួងសុខាភិបាល និងរដ្ឋបាលសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ស្ដីពី លក្ខខណ្ឌ នៃការអនុញ្ញាតឱ្យអ្នកជំងឺកូវីដ១៩ ព្យាបាលនៅតាមផ្ទះ , ដោយលោករដ្ឋលេខាធិការ រូបនេះ បានបន្តទៀតថា សម្រាប់ការព្យាបាលតាមផ្ទះនេះ ក៏ត្រូវមានអ្នកថែទាំអ្នកជំងឺកូវីដ-១៩ម្នាក់ ដែលមានសុខភាពរឹងមាំ មានការយល់ដឹងពីវិធានសុខាភិបាល ដើម្បីសួរនាំសុខភាពពីអ្នកជំងឺ និងផ្ដល់ព័ត៌មានមកគ្រូពេទ្យវិញ។

អ្នកថែទាំអ្នកជំងឺកូវីដ-១៩ មិនត្រូវទៅប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩នោះទេ ដោយគ្រប់ប្រាស្រ័យទាក់ទង ត្រូវតែរក្សាគម្លាតយ៉ាងតិច២ម៉ែត្រ ត្រូវពាក់ម៉ាស លាងដៃសម្អាតជានិច្ច។

សម្រាប់អ្នកពាក់ព័ន្ធនៅក្នុងដំបូលផ្ទះតែមួយជាមួយអ្នកជំងឺកូវីដ-១៩វិញ ត្រូវបានហាមឃាត់ដាច់ខាត ក្នុងការចេញធ្វើដំណើរទៅក្រៅ ប្រកបអាជីវកម្ម មុខរបរ ឬបំពេញកិច្ចការផ្សេងៗ ក្នុងរយៈពេលដែលចាប់ផ្ដើមដាក់អ្នកជំងឺព្យាបាលនៅផ្ទះ ហើយត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃ ក្នុងនាមជាអ្នកធ្វើចត្ដាឡីស័ក ឱ្យបានខ្ជាប់ខ្ជូន តាមវិធានការសុខាភិបាល។

ងាកមកមើល ពីស្ថានភាពអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ឬគ្មានរោគសញ្ញាវិញ ដោយករណីគ្មានរោគសញ្ញានេះ គឺគ្មានសញ្ញានៃការបង្ករោគ សុខភាពរឹងមាំ ស្មារតីល្អធម្មតា។ ប៉ុន្តែក្នុងស្ថានភាពខ្លះ មានអាការ:ឈឺ ផ្ដាសាយ ហៀរសំបោរ ឈឺបំពង់ករ ឈឺសាច់ដុំ និងសន្លាក់ ធម្មតា , កំដៅ៣៧ ឬតិចជាង ៣៨អង្សាសេ, កំហាប់អុកស៊ីសែន ចាប់ពី៩៥% ឡើង, ចង្វាក់ដង្ហើមធម្មតា (១៨-២០ដង/នាទី សម្រាប់មនុស្សពេញវ័យ), មិនមែនជាជនងាយប្រឈម ដូចជា ស្ដ្រីមានផ្ទៃពោះ កុមារ និងចាស់ជរា៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×