ភ្នំពេញ ÷ យុវតី២នាក់បងប្អូនបង្កើត រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ខណ:កំពុងតែជិះម៉ូតូចេញទៅធ្វើការ ត្រូវរថយន្តដឹកស៊ីម៉ងត៍រអិលកិន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង០០ នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកស៊ីម៉ងត៍មួយគ្រឿង ដឹកស៊ីម៉ងត៍ពេញលើរថយន្ត បើកចេញពីដេប៉ូលក់គ្រឿងសំណង់ យីហោ ប៉ុន សាមួន២ ដែលនៅក្បែរកន្លែងកើតហេតុ ខណ:បើកឡើងចំណោទមិនរួច ស្របពេលនោះក៏មានយុវតី២នាក់ កំពុងតែជិះម៉ូតូឌុបគ្នាពីខាងក្រោយ រថយន្តដឹកស៊ីម៉ងត៍ខាងលើ ត្រូវបានរថយន្តរអិល ចុះមកកិនចំពីក្រោយចំហៀងខាងស្តាំរថយន្ត បណ្តាលឲ្យរងបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។
ភ្លាមៗនោះដែរ ម្ចាស់ដេប៉ូខាងលើព្យាយាមរួសរាន់ យករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ចូលទៅក្នុងការដ្ឋានខាងក្នុង របស់ម្ចាស់ដេប៉ូ ដើម្បីកុំឲ្យអ្នកសារព័ត៌មានថតផ្លាកលេខរថយន្ត។
ចំណែកយុវតីរងគ្រោះទាំង២នាក់ខាងលើ ត្រូវបានបញ្ជូនទៅតាមរថយន្តសាមុយ របស់មន្ទីរពេទ្យឯកជនសួគ៌ា ដឹកយកទៅធ្វើការសង្រ្គោះភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងទំពុនទី២ សហការជាមួយកម្លាំងជំនាញ នគរបាលចរាចរណ៍ខណ្ឌមានជ័យ ចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ដោយខាងភាគីម្ចាស់ដេប៉ូ ធានារ៉ាប់រងសងថ្លៃព្យាបាល ដល់ជនរងគ្រោះទាំង២នាក់បងប្អូនបង្កើត ដើម្បីបញ្ចប់រឿងតែម្តង៕ រក្សាសិទ្ធិដោយ ៖សួង សាម



