Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅត្រីមាសទី២ ឆ្នាំនេះ ចំណូលពីកំពង់ផែស្វយ័តភ្នំពេញ នៅតែមានកំណើន

spot_img

ភ្នំពេញ ៖ របាយការណ៍របស់កំពង់ផែស្វយ័តក្រុងភ្នំពេញ បានបង្ហាញពីចំណូលរបស់ខ្លួនថា នៅត្រីមាសទី២ ឆ្នាំ២០២១នេះ ចំណូលពីប្រតិបត្តិការនានានៃកំពង់ផែស្វយ័តភ្នំពេញ នៅតែមានកំណើន និងមានដំណើរការល្អប្រសើរ បើទោះបីជាមានការរាត ត្បាតពីវិបត្តិនៃជំងឺកូវីដ១៩ក៏ដោយ។

យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងភ្នំពេញឱ្យដឹងថា បានបង្ហាញថា ក្នុងត្រីមាសទី២ ឆ្នាំ២០២១នេះ ចំណូលពីប្រតិបត្តិការកំពង់ផែ មានជាង ៥៧ម៉ឺនដុល្លារអាមេរិក កើនឡើង ១១ភាគរយ ចំណូលពីអាជ្ញាធរផែ មានជាង ៧៧ម៉ឺនដុល្លារអាមេរិក កើនឡើង ៦ភាគរយ ចំណូលពីសេវាកម្មផ្សេងៗ ជាង ១៣ ម៉ឺនដុល្លារអាមេរិក កើនឡើង ៧១៩ភាគរយ និងចំណូលផ្សេងៗជាង ៥៥ម៉ឺនដុល្លារអាមេរិក ធ្លាក់ចុះ៩ភាគរយ ។

របាយការណ៍បានបង្ហាញទៀតថា នៅក្នុងត្រីមាសទី២ ឆ្នាំ២០២១នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានប្រមាណ ៧,១លានដុល្លារអាមេរិក បើធៀបនឹងត្រីមាសទី២ឆ្នាំទៅ មានកំណើនប្រមាណ ១១ភាគរយ ខណៈត្រីមាសទី២ កាលពីឆ្នាំមុន រកចំណូលបាន ៦,៤លានដុល្លារអាមេរិក។

របាយការណ៍ ក៏បានបង្ហាញពីចំណូលប្រចាំខែមិថុនា ឆ្នាំ២០២១ផងដែរ ដោយចំណូលពីប្រតិបត្តិការផែ មានទំហំជាង ២,២លានដុល្លារអាមេរិក កើនឡើង ៤ភាគរយ ចំណូលពីអាជ្ញាធរផែជាង ២៩ម៉ឺនដុល្លារអាមេរិក កើនឡើង២ភាគរយ ចំណូលពីសេវាកម្មផ្សេងៗជាង ៤ម៉ឺនដុល្លារអាមេរិក កើនឡើង៥៦០ភាគរយ និងចំណូលផ្សេង ៗ ជាង២៣ម៉ឺនដុល្លារអាមេរិក ធ្លាក់ចុះ៦ភាគរយ ។

អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានលើកឡើងថា ការរីករាលដាលជំងឺ កូវីដ១៩ បានធ្វើឱ្យផលប៉ះពាល់យ៉ាងច្រើន សម្រាប់វិស័យដឹកជញ្ជូនទំនិញ។ បច្ចុប្បន្ន មានទំនិញប្រមាណតែ ២០ ភាគរយ ប៉ុណ្ណោះ ដែលត្រូវបាននាំចេញ នាំចូល ទៅទីផ្សារអន្តរជាតិ ដោយឆ្លង កាត់តាម កំពង់ផែស្វយ័តភ្នំពេញ ខណៈ ភាគច្រើន ធ្វើឡើងតាមរយៈ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

បច្ចុប្បន្ន ការរីករាលដាលជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យដំណើរការ រោងចក្រ សហគ្រាស មួយចំនួន ផ្អាកសកម្មភាពរបស់ខ្លួន ហើយបើសិនព្រឹត្តិការណ៍ នេះ នៅអូសបន្លាយពេលកាន់តែយូរទៅ វិស័យដឹកជញ្ជូនទំនិញផ្សេងៗ ក៏មានផលប៉ះពាល់ខ្លាំងឡើងផងដែរ។

គួរបញ្ជាក់ថា កំពង់ផែស្វយ័តភ្នំពេញ ជាក្រុមហ៊ុនរបស់រដ្ឋ ដែលបានចូលក្នុងផ្សារហ៊ុនកម្ពុជា ហើយប្រតិបត្តិការទិញលក់ភាគហ៊ុន របសផែមួយនេះ ក៏នៅតែមានសកម្មភាពដំណើរការជាធម្មតា៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×