ភ្នំពេញ ៖ កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។ សេចក្តីសម្រេចនេះ ធ្វើឡើង ស្របតាមអនុសាសន៍ណែនាំ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយបានបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំកំពូលជាលក្ខណៈរូបវ័ន្ត គឺនឹងមិនមានសុវត្ថិភាពដល់បណ្តាថ្នាក់ដឹកនាំនៃប្រទេសដៃគូ ASEM ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំនោះឡើយ ហើយវាក៏មិនអាចប្រព្រឹត្តទៅបានផងដែរ ព្រោះជំងឺ រាតត្បាតនេះបាននិងកំពុងបន្តរីករាលដាលខ្លាំង ស្របពេលដែលបណ្តាប្រទេសជាច្រើនលើសកលលោក បានដាក់ចេញនូវការរឹតត្បិតលើការធ្វើដំណើរសារជាថ្មី។
នេះបើតាមការបញ្ជាក់របស់លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្តីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១១នេះ។
លោកលុយ ដាវីត បានបន្តថា ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ កំពុងរីករាលដាលខ្លាំង រួមនឹងការលេចឡើងនៃវីរុសបំប្លែងថ្មីៗ បានបង្កើតឱ្យមានរលកនៃការឆ្លងថ្មីនៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងកម្ពុជាផងនោះ។
កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) បានធ្វើជា សហប្រធានជាមួយសហភាពអឺរ៉ុប ដឹកនាំកិច្ចប្រជុំឧត្តមមន្ដ្រីអាស៊ី-អឺរ៉ុប (ASEM SOM) កាលពីថ្ងៃទី០៧ និងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ មានការចូលរួមពីឧត្តមមន្ត្រីនៃបណ្តាប្រទេសជាដៃគូ ASEM ចំនួន៥១រូបរួមទាំងតំណាងមកពីសហភាពអឺរ៉ុប លេខាធិការដ្ឋានអាស៊ាន និងមូលនិធិអាស៊ី-អឺរ៉ុប (ASEF) ផងដែរ។
កិច្ចប្រជុំបានពិភាក្សាយ៉ាងលម្អិតលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្តារ សេដ្ឋកិច្ច-សង្គមឡើងវិញក្រោយជំងឺកូវីដ-១៩ ដែលវានឹងក្លាយជាឯកសារមួយក្នុងចំណោមឯកសារលទ្ធផល ដ៏សំខាន់ចំនួនពីរដែលនឹងត្រូវអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។ សេចក្ដីថ្លែងការណ៍នេះ ឆ្លុះបញ្ចាំងពីគោលដៅរួមគ្នារបស់ថ្នាក់ដឹកនាំ ASEM ទាំងអស់ក្នុងការធានាឱ្យបាននូវគោវស្តារឡើងវិញ។
ក្រោយការរាតត្បាតជំងឺកូវីដ-១៩ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់។ ឧត្តមមន្ត្រី ASEM បាន ឯកភាពឱ្យមានការជួបពិភាក្សាគ្នាម្ដងទៀតនៅក្នុងខែនេះ ដើម្បីសម្រេចជាស្ថាពរនូវសេចក្ដីថ្លែងការណ៍នេះ។ កិច្ចប្រជុំបានស្វាគមន៍ និងសារទរដល់ប្រទេសស្លូវេនីទទួលរៀបចំកិច្ចប្រជុំឧត្តមមន្រ្តី ASEM មួយ ទៀត នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីពិភាក្សាសេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13៕ រក្សាសិទ្ធិដោយៈ ចេស្តារ