សារព័ត៌មានក្នុងស្រុកមួយរបស់ថៃ បានចុះផ្សាយឲ្យដឹងថា តាមរយៈហ្វេស៊បុកឈ្មោះថា Pawanpran Suksusan បានផុសវីដេអូឃ្លីបមួយបង្ហាញឲ្យឃើញ ខណៈរូបគេស្លៀកសារ៉ុងចងពុង ជាមួយស្បោងឃ្លុំក្បាល ដោយយកផ្តិលដងទឹកថ្លុកនៃជង្ហុកដ៏ធំមួយងូត ស្ថិតនៅត្រង់ចំណុចផ្លូវជាតិ៣០១១ ក្នុងស្រុក Bang Sai តភ្ជាប់ស្រុក Sena ខេត្តអាយុធ្យា។

ផ្លូវមួយខ្សែនោះ ដែលត្រូវបានគេប៉ាន់ប្រមាណថា បានប្រើប្រាស់ថវិកាជាតិចំនួន ១០៣ លានបាត ក្នុងការស្ថាបនាវាឡើង នៅពេលនេះ បានកំពុងរងការខូចខាតយ៉ាងខ្លាំង ដោយនៅតាមកន្លែងមួយចំនួន ក្លាយជារណ្តៅធំៗ ជាពិសេស ត្រង់ចំណុចក្នុងឃ្លីបនេះ គឺមានទំហំធំ និងជ្រៅខ្លាំងតែម្តង។
លោក Pawanpran Suksusan អាយុ ៣០ ឆ្នាំ ដែលជាម្ចាស់វីដេអូនេះ បាននិយាយថា គាត់ប្រើប្រាស់ផ្លូវនេះ ដើម្បីធ្វើដំណើរទៅមកជាប្រចាំ។ ប៉ុន្តែ នៅពេលនេះ ស្ថានភាពនៃផ្លូវ បានកំពុងរងការខូចខាតខ្លាំង អស់រយៈពេលជាយូរមកហើយ ដោយពុំឃើញផ្នែកពាក់ព័ន្ធណាមកធ្វើការជួសជុលនោះទេ។ ហេតុដូច្នេះ គាត់ផុសឃ្លីប និងរូបភាពទាំងនេះ ចូល Facebook ដើម្បីឲ្យអ្នកទទួលមើលការខុសត្រូវផ្លូវសាធារណៈ និងផ្នែកពាក់ព័ន្ធ ចាប់អារម្មណ៍ទទួលដឹងឮចំពោះបញ្ហានេះ។

លោក Pawanpran និយាយថា ផ្លូវមួយខ្សែនេះ ចំណាយថវិកាជាតិមិនតិចនោះទេ ប៉ុន្តែ ធ្វើរួចប្រើប្រាស់ទើបតែបាន ២ ឆ្នាំ ប៉ុណ្ណោះ ផ្លូវនេះបែរជាធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលពុំដែលឃើញមានអ្នកណាចុះមកមើលថែជួសជុលនោះឡើយ។
យ៉ាងណាមិញ តាមរយៈវីដេអូនេះផងដែរ លោកថា លោកមិនមានបំណងចង់បញ្ឈឺ ផ្លែផ្កា ទៅអ្នកណានោះឡើយ ប៉ុន្តែ លោកថតឃ្លីបនេះ ដើម្បីឲ្យសាធារណជនបានឃើញយ៉ាងច្បាស់ថា ជង្ហុកនីមួយៗនៃផ្លូវនេះ គឺអាចចុះងូតទឹកបាន ហើយលោកក៏សង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធដែលបានឃើញហើយ នឹងចុះមកដោះស្រាយជួសជុលផ្លូវ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរបានល្អប្រសើរ និងចៀសវាងគ្រោះថ្នាក់ដែលអាចកើតមានឡើងផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










