ភ្នំពេញ ៖ ធ្លាប់តែឃើញឡើកច្រៀងរាំលេងសប្បាយសម្រាប់ទស្សនិកជន ប៉ុន្តែនៅពីក្រោយឆាកសម្តែងនោះ ពេជ្រ សូលីកា ក៏ជាស្ត្រីមេផ្ទះម្នាក់ដ៏បុិនប្រសព្វ នៅសម្រាប់ផ្តល់ភាពកក់ក្តៅក្នុងគ្រួសារផងដែរ។

តារារូបនេះត្រូវបានគេមើលឃើញថា កំពុងរស់នៅយ៉ាងមានសេចក្តីសុខជាមួយនឹងស្វាមីនិងកូនម្នាក់ជាចំណងដៃ ក្នុងពេលដែលនាងក៏ជាកម្លាំងជំរុញពីស្វាមីឲ្យទទួលជោគជ័យលើមុខជំនួញផងដែរ។
យ៉ាងណា ស្ថិតនៅពីក្រោយការងារជោគជ័យ ពេជ្រ សូលីកា ក៏បានបង្ហាញនូវសកម្មភាពមួយចំនួន ក្នុងនាមជាស្ត្រីមេផ្ទះ ដែលស្ត្រីគ្រប់រូបតែងតែបំពេញសម្រាប់គ្រួសារ។
ជាមួយនឹងរូបភាពនៅក្នុងផ្ទះបាយ និងបីបាច់ថ្នាក់ថ្នមកូននោះ ពេជ្រ សូលីកា ក៏បានភ្ជាប់ជាមួយនឹងសារថា នៅពីក្រោយ កញ្ចក់ទូរទស្សន៍ ខ្ញុំគ្រាន់តែ… ជាប្រពន្ធ ជាម្ដាយ ជាបងស្រី សាមញ្ញធម្មតាម្នាក់តែប៉ុណ្ណាះ ។

នាងបញ្ជាក់ថា ទោះរវល់ហត់នឿយ ប៉ុណ្ណា ដាច់ខាតត្រូវតែឆ្លៀតធ្វើតួនាទីមេផ្ទះរបស់យើងអោយបានល្អ ហើយនេះគឺជាអ្វីដែលស្ត្រីទាំងអស់មិនអាចគេចវេសបាន ហើយវាក៏ជាអាវុធសំខាន់ដែលធ្វើឲ្យប្ដីយើងមិនរកម្ហូបក្រៅ មនុស្សស្រីឆ្លាតគឺត្រូវតែចឹង។
នាងថា បើកភ្នែកឡើងតែងខ្លួនស្អាតតែមួយមុខ មិនបានទេណា តែក៏មិនមានន័យថាមិនឲ្យយើងតែងខ្លួនស្អាតនោះដែរ វាត្រូវតែដើរទន្ទឹមគ្នា កុំដេកចាយលុយប្ដី ខំរកទាំងអស់គ្នា វាកាន់តែល្អ តែបើប្ដីអោយចាយ ទទួលទុកទៅ វាបានបុណ្យប្ដីយើងផង។

ជាការកត់សម្គាល់ រហូតមកទល់ពេលនេះ បើទោះបីជា ពេជ្រ សូលីកា សម្រេចមានគ្រួសារ និងមានកូនម្នាក់ក្តី ប៉ុន្តែតារារូបនេះមិនបានងាកទៅណាឆ្ងាយពីអាជីពចម្រៀងរបស់នាងឡើយ ពោលនាងក៏ជាសមាជិកមួយរូបប្រចាំផលិតកម្មរស្មីហង្សមាសផងដែរ។
បទចម្រៀងថ្មីរបស់នាងបានចេញជាបន្តបន្ទាប់ ក្នុងនោះបទចម្រៀងនាងមួយចំនួន ក៏ទទួលបានការគាំទ្រច្រើន ពីសំណាក់យុវវ័យដែលស្តាប់ដែរ៕ រក្សាសិទ្ធិដោយ៖សំណាង SV








