ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី១២ ខែ កក្កដា ឆ្នាំ ២០២១ បានជំនុំជំម្រះបណ្តឹងសារទុក្ខ របស់ជនជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសគាត់ ដាក់ពន្ធនាគារ កំណត់ ១៣ ឆ្នាំ ពាក់ព័ន្ធនឹងការលក់គ្រឿងញៀន ចំនួនមួយកញ្ចប់ធំ ទម្ងន់ជិត កន្លះគីឡូក្រាម ឲ្យភ្នាក់ងារសមត្ថកិច្ចបង្កប់ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៤។
សវនាការនេះបានធើ្វទ្បើងក្រោមដឹកនាំរបស់លោកចៅក្រម ឃឹម ប៉ុណ្ណ ជាប្រធានប្រឹក្សាជំនុំជំម្រះ នៃតុលាការកំពូលនិង មានលោកជុំសាបាន ជាតំណាងមហាអយ្យការ។
លោកចៅក្រម ចាន់ រង្សី ជាចៅក្រមរបាយការណ៍ បានថ្លែងថា នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទមានឈ្មោះ សូត្រ សីហា ភេទប្រុស អាយុ ៣៦ ឆ្នាំ ។
ជនជាប់ចោទត្រូវបានតុលាការដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៥ កាត់ទោសដាក់ពន្ធនាគារ កំណត់ ១៣ ឆ្នាំ និងពិន័យប្រាក់ ចំនួន ២០លានរៀល ពីបទ “រក្សាទុក និង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុគ្រឿងញៀន ដោយខុសច្បាប់” តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនជាប់ចោទ បានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ តម្កល់ទោសគាត់ដដែល កាលពីថ្ងៃ ១៦ ខែ កក្កដា ឆ្នាំ ២០១៦ ។
ជនជាប់ចោទ ក៏បន្តបណ្តឹងសារទុក្ខទៅកាន់តុលាការកំពូល។
ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៣ ខែ កក្កដា ២០១៤។ សមត្ថកិច្ចដកហូតបាន ថ្នាំងញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៤៧៤, ៣៤ ក្រាម។
នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ សូត្រ សីហា បានទទួលកំហុស ក៏ប៉ុន្តែគាត់បានអះអាងថា គ្រឿងញៀនដែល សមត្ថកិច្ចនគរបាលបានដកហូតពីគាត់នោះ នេះមិនមែនជារបស់គាត់នោះទេ តែជារបស់ឈ្មោះ ស៊ី សៀក ។
ឈ្មោះសូត្រ សីហា បាននិយាយថា នៅថ្ងៃដែលសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ ឈ្មោះ ស៊ី សៀក បានពឹងខ្លួនឲ្យយកកញ្ចប់ ទៅឲ្យបុរសមិនស្គាល់់ឈ្មោះម្នាក់ នៅខាងមុខហាងកាហ្វេមូយកន្លែង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
គាត់បាននិយាយថា នៅពេលគាត់កំពុងតែប្រគល់កញ្ចប់ខ្មៅនោះ ឲ្យទៅ បុរសមិនស្គាល់ឈ្មោះម្នាក់នោះ,, សមត្ថកិច្ចនគរបាល ដែលបង្កប់ខ្លួននៅទីនោះ ក៏ចាប់ឃាត់ខ្លួនគាត់តែម្តងទៅ។
សូមបញ្ជាក់ថា នៅក្នុងករណីនេះ,,,ឈ្មោះ ស៊ី សៀក ក៏ត្រូវបានចាប់ខ្លួន និងត្រូវបានតុលាការកាត់ទោស ដាក់ពន្ធនាគារ កំណត់ ១៣ ឆ្នាំ និង ពិន័យ ជាប្រាក់ចំនួន ២០លានរៀលផងដែរ តែ ឈ្មោះ ស៊ី សៀក មិនបានប្តឹងសារទុក្ខ មកកាន់តុលាការកំពូលនោះទេ បន្ទាប់ពីសាលាឧទ្ធរណ៍បានតម្កល់ទោសរបស់គាត់ កាលពីថ្ងៃ ទី ១៦ ខែ កក្កដា ២០១៦នោះ។
សំណរឿងនេះ តុលាការកំពូលប្រកាសសាលដីកា នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២១ ខាងមុខនេះ៕
រក្សាសិទ្ធិដោយ ចន្ទា ភា