ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិត ថោង ខុន ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ CAMSOC បន្តលើកទិសដៅឆមាសទី២ ឆ្នាំ២០២១

CAMSOC-ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអញ្ជើញដឹកនាំកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដោយត្រួតពិនិត្យឯកសារបូកសរុបលទ្ធផល ការងារឆមាសទី១ និងបន្តលើកទិសដៅឆមាសទី២ ឆ្នាំ២០២១។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍នេះថា «យើងបានបូកសរុប៦ខែនៃឆមាសទី១ គឺមានបញ្ហាប្រឈម ហើយយើងបានដោះស្រាយបញ្ហានានា ដែលកើតឡើងហើយក្នុង៦ខែនេះដែរ គឺយើងឃើញថាអ្វីដែលសំខាន់ គឺឯឧត្តមបណ្ឌិត ថោង ខុន បានដាក់ចេញនូវគោលការណ៍ជាច្រើន ដែលរងនូវផលប៉ះពាល់ ហើយបានដំណោះស្រាយនូវបញ្ហាជាបន្តបន្ទាប់។ ដូច្នេះ សមិទ្ធផលទាំងឡាយនៅក្នុងឆមាសទី១នេះ គឺយើងទទួលបានច្រើនណាស់ បើទោះបីជាស្ថិតក្នុងបរិបទកូវីដ-១៩ក្តី។ ប៉ុន្តែបើទោះជាយើងទទួលរងនូវផលប៉ះពាល់ទាំងអស់នោះក្តី ក៏យើងបានធ្វើដំណើរ ក្នុងបរិបទថ្មី សម្រាប់ការងាររបស់យើងដែរ»។

ឯកឧត្តមបន្ថែមថា ការងារដែលប្រឈមមួយទៀត គឺផលប៉ះពាល់រឿងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលត្រូវបានរាជរដ្ឋាភិបាលរៀបចំព្យាបាលកូវីដ-១៩ ដូច្នេះយើងបានរៀបចំផែនការថ្មី ដោយលើកយកការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ទៅហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្រោយពេលបញ្ចប់ និងទទួលបានការអនុញ្ញាត ពីរាជរដ្ឋាបាល ទើបយើងនឹងជួសជុលកែលម្អ ពហុកីឡដ្ឋានជាតិអូឡាំពិកឡើងវិញ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។


ដំណោះស្រាយទី២ គឺរឿងការរៀបចំការការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ដែលបច្ចុប្បន្នរាជរដ្ឋាភិបាល បានអនុញ្ញាតហើយ ក៏ប៉ុន្តែយើងត្រូវរៀបចំការហ្វឹកហាត់ ឲ្យមានការមានវិធានការបិទខ្ទប់ ប្រកបដោយសុវត្ថិភាពត្រឹមត្រូវ នៅក្នុងការបិទខ្ទប់ និងធានាបាននូវភាពកក់ក្ដៅរបស់កីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលត្រូវបានប្រមូលផ្ដុំគ្នានៅតាមទីលានហ្វឹកហាត់ នៅកន្លែងពហុកីឡដ្ឋានជាតិមរតកតេជោ និងនៅតាមទីកន្លែងមួយមួយចំនួនទៀត ដែលសហព័ន្ធកីឡាជាតិនានា មានកន្លែងរៀបរយរបស់គាត់ផ្សេងៗពីគ្នា។

ចំពោះផែនការសកម្មភាពការងារបន្ត សម្រាប់ឆមាសទី២ ឆ្នាំ២០២១ គឺជាពេលវេលាដ៏សំខាន់ណាស់ សម្រាប់ CAMSOC ដែលយើងដឹងហើយថា ឆ្នាំ២០២១ គឺជាឆ្នាំដែលយើងរៀបចំហ្គេម សម្រាប់ ស៊ីហ្គេម ឆ្នាំ២០២៣ ទៅហើយៗ កិច្ចការងារទាំងអស់ត្រូវបញ្ចប់ នឹងរៀបរយឲ្យបានរៀបរយទាំងអស់តែម្តង ដូចជាការកំណត់ប្រភេទកីឡា ការកំណត់វិញ្ញាសានៃប្រភេទកីឡាទាំងអស់ ខណៈទីលានប្រកួតត្រូវបានកំណត់ ការរៀបចំរួចរាល់អស់ហើយ ដោយត្រូវកែលម្អទីលានប្រកួត ឲ្យត្រូវតាមស្តង់ដាបច្ចេកទេសប៉ុណ្ណោះ។ អ្វីដែលសំខាន់ គឺការប្រារព្ធពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣ ដោយឯកឧត្តមបណ្ឌិត ថោង ខុន បានសង្កត់ធ្ងន់ជាញឹកញាប់ និងឲ្យបានកាន់តែសកម្មបន្ថែមទៀត នៅក្នុងផែនការនៃឆមាសទី២នេះ ពោលគឺគ្រប់គណៈកម្មការជំនាញទាំងអស់ ត្រូវតែបង្កើនល្បឿន នៃផែនការសកម្មភាពតែម្តង។

ជាមួយគ្នានោះ នៅក្នុងឆមាសទី២ ឆ្នាំ២០២១នេះ CAMSOC នឹងបើកយុទ្ធនាការយ៉ាងច្រើន ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដូចជាយុទ្ធនាការ ប្រជាជនម្នាក់លេងកីឡាមួយមុខ យុទ្ធនាការកម្ពុជាស្អាត យុទ្ធនាការកាត់បន្ថយគ្រឿងញៀន-គ្រោះថ្នាក់ចរាចរណ៍ និងសណ្តាប់ឆ្នាប់សង្គមជាច្រើនទៀត និងបញ្ជូលបន្ថែមនូវវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និង២ចូលរួម ក្នុងពេលដំណាលគ្នានេះដែរ។ ក្នុងនោះ យុទ្ធនាការជាតិ ដ៏សំខាន់មួយ គឺCAMSOCនឹងបើកយុទ្ធនាការជាតិ ស្តីពីការផ្សព្វផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដោយរួមគ្នាផ្សព្វផ្សាយទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយបណ្តាប្រទេសនានា ក្នុងអាស៊ីអាគ្នេយ៍ទាំងអស់ តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកនីមួយៗ ជាសមាជិកអាស៊ីអាគ្នេយ៍ នឹងជួយជ្រោមជ្រែង ដល់ការផ្សព្វផ្សាយនេះផងដែរ។ យុទ្ធនាការផ្សព្វផ្សាយនេះ នឹងប្រកាសបើកជាផ្លូវវការដ៏ខ្ពង់ខ្ពស់ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែម្តង នៅក្នុងក្រប ខ័ណ្ឌរាជធានី-ខេត្តទូទាំងប្រទេស នាពេលខាងមុខ។ នេះជាការលើកឡើងបន្ថែម របស់ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន។

សូមបញ្ជាក់ថា កម្ពុជានឹងប្រារព្ធ «ពិធីរាប់ថយក្រោយ៥០០ថ្ងៃ» ដ៏ធិកអធមម្តងទៀត ឆ្ពោះទៅពិធីបើកជាផ្លូវការស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលរយៈពេល៥០០ថ្ងៃគត់ គឺចំថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដោយនៅក្នុងពិធីរាប់ថយក្រោយ ៥០០ថ្ងៃនេះនឹងស្វែងរក និងប្រគល់រង្វាន់លើកទឹកចិត្ត ជូនដល់ជ័យលាភីរចនាភ្លើងគុប និងរចនាមេដាយ ដើម្បីបន្តការផ្សាយបន្ថែមទៀត ឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ឲ្យកាន់តែទូលំទូលាយទាំងក្របខ័ណ្ឌថ្នាក់ជាតិ និងអន្តរជាតិ។ សូមរំឭកថា កម្ពុជាបានប្រារព្ធ ពិធីរាប់ថយក្រោយ ១០០០ថ្ងៃឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាផ្លូវការយ៉ាងអធិកអធមបំផុតម្តងហើយ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

ចូលមើលព័ត៌មានថ្មីៗបន្ថែម