Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ផៃ ស៊ីផាន សំណូមពរអ្នកសារព័ត៌មាន បែងចែកឲ្យដាច់ ក្នុងការផ្សព្វផ្សាយ រវាងរឿងបុគ្គលភាព និងអង្គភាព ឬស្ថាប័ន

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានលើកឡើងថា មានការផ្សព្វផ្សាយព័ត៌មាន ស្ដីពីឧបទ្ទវហេតុណាមួយ ដែលជាបញ្ហាបុគ្គល ដោយផ្សារភ្ជាប់ទៅនឹងតួនាទី ឬមុខងារនៅក្នុងអង្គភាព-ស្ថាប័នសាធារណៈ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់អង្គភាព-ស្ថាប័ន។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៣ខែកក្កដានេះ បានថ្លែងសារនៅលើផេកហ្វេសប៊ុកផ្លូវការថា គោរពជម្រាបជូនបណ្ដាញសារព័ត៌មាន និងប្រិយមិត្តFBFs។ តាមការអង្កេតរបស់ខ្ញុំ តែងតែឃើញមានការផ្សព្វផ្សាយព័ត៌មាន ស្ដីពីឧបទ្ទវហេតុណាមួយដែលជាបញ្ហាបុគ្គល ដោយផ្សារភ្ជាប់ទៅនឹងតួនាទី ឬមុខងារនៅក្នុងអង្គភាព-ស្ថាប័នសាធារណៈ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់អង្គភាព-ស្ថាប័ន ដែលមានកតព្វកិច្ចត្រូវបំពេញការងាររបស់រាជរដ្ឋាភិបាល។

ដ្បិតថា សកម្មភាពរបស់បុគ្គលនោះ ពុំមានពាក់ព័ន្ធនឹងអង្គភាព-ស្ថាប័ន។ លើសពីនេះទៀតសោត ចំពោះការផ្សព្វផ្សាយមួយចំនួនទៀត ថែមទាំងបានដាក់បន្ទុកបុគ្គលបង្កហេតុ ហួសពីបទចោទរបស់សមត្ថកិច្ចជំនាញ (នគរបាល ឬតុលាការ) ដែលជាការរំលោភលើសិទ្ធិ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលផងដែរ។

លោកបន្តថា អាស្រ័យហេតុដូចនេះ ជាសំណូមពរ សូមអ្នកសារព័ត៌មានមេត្តាបែងចែកឲ្យដាច់ ក្នុងការផ្សព្វផ្សាយរវាងរឿងបុគ្គលភាព និងអង្គភាព ឬស្ថាប័ន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×