Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតឥណ្ឌា ស្នើសុំឲ្យក្រសួងកសិកម្ម ជួយជំរុញ និងសម្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុនឯកជនឥណ្ឌា ក្នុងវិស័យកសិកម្មនៅកម្ពុជា

spot_img

ភ្នំពេញ ៖ លោកជំទាវឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា បានស្នើសុំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជួយជំរុញ និងសម្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុនឯកជនឥណ្ឌា ដែលបានវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា។

នៅថ្ងៃអង្គារ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Devyani Khobragade, ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូ conference។ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកជំទាវឯកអគ្គរដ្ឋទូតដែលបានមកបំពេញបេសកកម្មការទូតថ្មីនៅកម្ពុជា។

លោកជំទាវឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលដ៏មមាញឹក ដើម្បីជួបពិភាក្សាការងារក្នុងគោលបំណង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងកម្ពុជា និងឥណ្ឌា ជាពិសេសក្នុងវិស័យកសិកម្ម។

លោកជំទាវបានគូសបញ្ជាក់ពីការផ្តល់ នូវថវិកាជំនួយបច្ចេកទេសក្នុងកម្មវិធី Quick Impact Project និងស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរៀបចំនូវគម្រោងស្នើសុំផ្សេងៗដែលមានថវិកា ៥០ ០០០ ដុល្លារក្នុងគម្រោងនីមួយៗ។

លោកជំទាវក៏បញ្ជាក់ផងដែរ អំពីកម្មវិធីពង្រឹងសមត្ថភាពរបស់ឥណ្ឌា និងស្នើអោយក្រសួងកសិកម្មបញ្ជូនមន្ត្រីបច្ចេកទេស ដើម្បីចូលរួមអោយបានច្រើន។ លោកជំទាវបានជម្រាបផងដែរ អំពីកិច្ចសហប្រតិបត្តិការពហុភាគីរវាងអាស៊ាន និងឥណ្ឌា ដោយបានបង្កើតនូវមូលនិធិអាស៊ាន ឥណ្ឌា ដែលប្រទេសកម្ពុជា ក៏អាចលើកនូវគម្រោងវិនិយោគផ្សេងក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការពហុភាគីនៃមូលនិធិអាស៊ានឥណ្ឌា។ លោកជំទាវស្នើសុំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជួយជំរុញ និងសម្រួលដល់ការវិនិយោគ របស់ក្រុមហ៊ុនឯកជនឥណ្ឌាដែលបានវិនិយោគ ក្នុងវិស័យកសិកម្មនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ ដល់លោកជំទាវដែលបានបន្តជួយជ្រោមជ្រែង ដល់វិស័យកសិកម្ម និងផ្តល់ឳកាសដល់ក្រសួង ដើម្បីស្នើសុំថវិកាអនុវត្តគម្រោង Quick Impact Project និងគម្រោងវិនិយោគក្នុងវិស័យកសិកម្ម ក្នុងក្របខ័ណ្ឌមូលនិធិអាស៊ានឥណ្ឌា។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឲ្យលោកជំទាវ ជួយដល់កម្ពុជានូវបច្ចេកទេសថ្មីៗដូចជា Soil Health Card និងបច្ចេកវិជ្ជាកសិកម្មទំនើបៗផងដែរ និងសូមឲ្យជួយជំរុញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត ជាពិសេសការជំរុញការធ្វើពាណិជ្ចកម្មក្នុងវិស័យកសិកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចាត់លោកប្រធាននាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ ដើម្បីទំនាក់ទំនងជាមួយស្ថានទូត ដើម្បីជំរុញនូវការរៀបចំកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ឲ្យបានដំណើរការក្នុងពេលដ៏ខ្លីខាងមុខ។

លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគាំទ្រទាំងស្រុង ដល់ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី និងឯកភាពនឹងចាត់ឲ្យមន្ត្រីស្ថានទូត សហការជាមួយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការ កាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរ ទោះជាក្នុងពេលដ៏លំបាកដោយវិបត្តិកូវីដ១៩ក្តី តែយើងអាចជួបគ្នា ជាប្រចាំតាមរយៈកិច្ចប្រជុំពិភាក្សារ online ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាឥណ្ឌា និងពិសេសស្នើសុំអោយឥណ្ឌា ជួយដល់វិស័យគ្រឿងយន្តកសិកម្ម នៅកម្ពុជាផងដែរ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×