Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តសាំយ៉ុងដឹកផ្លែឈើ​ បើកទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើង

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តសាំយ៉ុងដឹកផ្លែឈើមួយគ្រឿង ក្នុងល្បឿនលឿន បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលឲ្យបាក់អស់៣កង់ ក្រឡាប់ផ្ងារជើង ចាក់ផ្លែឈើចោលពេញផ្លូវ ចំណែកឯតៃកុងរថយន្ត បានបើកទ្វាររត់ឡើងលើរថយន្តមួយគ្រឿងទៀត គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ២៨៩ កែងនឹង ៥២៨ ចំណុចជាប់នឹងបន្ទាយកងរាជអាវុធហត្ថផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តសាំយ៉ុងដឹកផ្លែឈើមួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ 2O-9743 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨៩ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន ខណៈដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅខាងឆ្វេងដៃ ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យបាក់អស់ចំនួន ៣កង់ ចំណែករថយន្តបង្ក បានក្រឡាប់ផ្ងារជើងម្ខាង ជះផ្លែឈើរាយប៉ាយពេញលើដងផ្លូវ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏បានទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុ យករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញ ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត

×