ភ្នំពេញ ៖ ប្រាសាទអង្គរវត្តជាសម្បត្តិវប្បធម៌ខ្មែរដ៏មានតម្លៃ លើសពីមហាសាល និងអមតៈយូរអង្វែងដែលមានការទទួលស្គាល់ អស់ពលរដ្ឋញាតិផងពេញស្រុកពេញពិភពលោក។
ប្រជាជននៅលើពិភពលោក រមែងកោតសរសើរ ពីភាពអត់ធ្មត់របស់បុព្វបុរសខ្មែរដើម ដែលអត់ធ្មត់ហើយឆ្លាតពូកែ អាចសាងប្រាសាទរឹងមាំគង់វង្សយូរបាន។ ម្ល៉ោះហើយទើបមិនថា អ្នកទេសចរធម្មតាទេ សូម្បីតែតារាហូលីវូដ អ្នកនយោបាយល្បីៗ នៅលើពិភពលោកសុទ្ធគួចចិត្តចង់ឃើញ អង្គរវត្តខ្មែរណាស់ ពេលមកដល់កម្ពុជា។

កាលពីប៉ុន្មានថ្ងៃមុននេះ មានការផ្ទុះឡើងជាខ្លាំង ដែលមានវត្តមួយ នៅក្នុងប្រទេសថៃ បានសាងសង់ប្រាសាទមួយ ដែលហាក់ទោរទន់រចនាបថបែបប្រាសាទអង្គរ បើទោះជាមានការច្រានចោលពីអាជ្ញាធរថៃ និងព្រះចៅអធិការវត្តនោះបែបណា។ ភ្លាមៗមានការរិះគន់ ពីពលរដ្ឋកម្ពុជានិងតារាកម្ពុជា សិស្សនិស្សិតមន្ត្រីសុទ្ធតែសម្តែងនូវការមិនសប្បាយចិត្ត ដែលខាងថៃធ្វើបែបនេះ ដែលហៅថា កូពីទាំងដុលទោះដឹងថាសាងចេញទៅ មានប្រតិកម្មបែបណា។ បើយើងក្រឡេកមកមើលប្រវត្តិទស្សនាអង្គរវត្ត ឃើញថាមានតារាលំដាប់ៗ នៅបរទេសច្រើនគ្នា និងជននយោបាយច្រើនគ្នា មកដល់អង្គរខ្មែរ ថតញញឹមញញែម។ នេះហាក់ដូចជាការបង្ហាញនូវ ភស្តុតាងមួយថា ពួកគាត់ដឹងច្បាស់ថា ប្រាសាទអង្គរគ្មាន២ទេ គឺមានតែនៅកម្ពុជា១គត់ អ្នកណាកាឡៃមិនបាន។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីអំពីការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ នៃប្រទេសថៃ បន្ទាប់ពីធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ក្រសួងបានប្រមូលព័ត៌មានបឋមមួយចំនួនរួមមាន ៖

១-សំណង់ប្រាសាទនេះ ជាសំណងមួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀត មានភាពចម្រុះគ្នា ជាទីប្រតិស្ថាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបូឡាយ ឃុំបានស៊ិង ស្រុកណាងរ៉ង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រថៃ ។ សំណង់នេះ ធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដែក ពីខាងក្នុង ។

២-តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្ត បានបញ្ជាក់ថា ការសាងសង់ប្រាសាទនេះ មិនបានលួចចម្លងប្លង់ ឬសាងសង់ តាមរចនាបថស្ថាបត្យកម្មដូចគ្នា ទៅនឹងប្រាសាទអង្គរវត្ត ឬបាសាទបុរាណណាមួយ នៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់ តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួន ដែលមានក្នុងតំបន់នោះ ។
៣-តំណាងអ្នកសម្របសម្រួលនៃគម្រោងស្ថាបនាប្រាសាទ ក៏ស្វាគមន៍ក្នុងការទទួល ស្នើឲ្យមន្ត្រីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជា ចុះពិនិត្យដោយផ្ទាល់៕ រក្សាសិទ្ធិដោយ៖សំណាងSV





















