ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជា-ថៃ បានឯកភាពគ្នា ដំឡើងច្រករបៀងចំនួន៤ទៀត នៅជាប់ព្រំដែនប្រទេសទាំងពីរ ឱ្យក្លាយទៅជាច្រកអន្តរជាតិ នៅពេលដ៏ខ្លីខាងមុខនេះ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចតាមបណ្តោយព្រំដែន។នេះបើតាមលោក នាយឧត្តមសេនយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិដែលថ្លែងក្នុងផេកហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី២៣ខែមីនានេះ។
បើតាមលោកនាយឧត្តមសេនយ៍ ឈុំ សុជាត បានបញ្ជាក់ថា ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ថៃ-កម្ពុជា (GBC) លើកទី១៣ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ដែលកិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធាន នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃ និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។
លោកនាយឧត្តមសេនីយ៍ បានលើកឡើងថា ច្រកព្រំដែនកម្ពុជា-ថៃ ចំនួន៤ ដែលនឹងដំឡើងជាច្រកអន្តរជាតិ ឆាប់ៗខាងមុខនេះ រួមមាន ៖ ១- ច្រកភ្នំដី ក្នុងខេត្តបាត់ដំបង របស់កម្ពុជា ទល់នឹងច្រកខោឌីន ក្នុងខេត្តស្រះកែវ របស់ថៃ ។ ២- ច្រកអានសេះ ក្នុងខេត្តព្រះវិហារ កម្ពុជាទល់នឹងច្រកអានម៉ា ខេត្តកេតវ័នឡាសុថានី ប្រទេសថៃ ។ ៣- ច្រកជប់គគី ក្នុងខេត្តឧត្តរមានជ័យ កម្ពុជា ទល់នឹងច្រកសាយតាគូ ខេត្តបូរីរ៉ាំ ប្រទេសថៃ និង៤-ច្រកថ្មដារ ក្នុងខេត្តពោធិ៍សាត់ និងច្រកបានថាសេន ក្នុងខេត្តត្រាត។
សម្រាប់ ច្រកអន្តរជាតិភ្នំដី ក្នុងខេត្តបាត់ដំបង របស់កម្ពុជា ទល់នឹងច្រកខោឌីន ក្នុងខេត្តស្រះកែវ របស់ថៃ ភាគីទាំងពីរនឹងសម្ពោធ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ ហើយច្រកអន្តរជាតិថ្មី៣ទៀត នឹងបើកជាបន្តបន្ទាប់ទៀត៕ ដោយ៖បញ្ញាស័ក្តិ