ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើលិខិតជម្រាបទៅឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការផ្អាកជាបណ្ដោះអាសន្ន ក្នុងការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម។
ការសម្រេចផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម គឺយោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។
លោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ បានធ្វើលិខិតជម្រាបទៅអគ្គរាជទូតកម្ពុជាប្រចាំ នៅសាធារណរដ្ឋសង្គមនិយមវៀតណាមថា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ចម្លងចូលមកព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមរបស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានារបស់វៀតណាម រយៈពេល១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះតទៅ លើកលែងតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញ របស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណ៏មានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។

ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជារួចហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ ទៅប្រទេសវៀតណាមវិញទេ ក្នុងអំឡុងពេល នៃការផ្អាកការចេញ-ចូលបណ្តោះអាសន្ននេះ។
ជាមួយគ្នានេះ សូមឯកអគ្គរាជទូតសហការ ជាមួយអាជ្ញាធរវៀតណាម ដើម្បីស្នើឱ្យអាជ្ញាធរ នៃប្រទេសទាំងពីរជួយសម្របសម្រួល កិច្ចដំណើរការនៃការដឹកជញ្ជូននាំចេញ និងនាំចូលទំនិញនានា ដោយអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមវិធានសុខាភិបាលនៃប្រទេសទាំងពីរ។
វិធានការបណ្ដោះអាសន្ន នៃការរឹតត្បិតការចូលមកកម្ពុជា ដូចដែលមានចែងក្នុងកំណត់ទូត លេខ ៧៣៤ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងវិធានការផ្សេងៗ ដែលមានស្រាប់របស់កម្ពុជា នៅជាធរមាន៕ រក្សាសិទ្ធិដោយៈ ចេស្តារ