ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ ២០២១ បានបើកជំនុំជំម្រះបណ្តឹងសារទុក្ខ របស់ជនជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសគាត់ ដាក់ពន្ធនាគារ កំណត់ ២០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរ គ្រឿងញៀន ទម្ងន់ជិតមួយគីឡូក្រាម ប្រព្រឹត្តនៅ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦។
សវនាការនេះ បានធើ្វទ្បើងក្រោមការដឹកនាំរបស់លោកចៅក្រម គង់ ស្រ៊ីម ជាប្រធានប្រឹក្សាជំនុំជំម្រះ នៃតុលាការកំពូលនិង មានលោក ឌុច គឹមសន ជាតំណាងមហាអយ្យការ។
លោកចៅក្រម សោម សិរីវឌ្ឍ ជាចៅក្រមរបាយការណ៍ បានអានរបាយការណ៍ថា នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទមានឈ្មោះ ចាន់ សុភ័ភ្តិ ភេទប្រុស អាយុ ៤១ ឆ្នាំ មានមុខរបរ រត់ឡានតាក់ស៊ី។

លោកចៅក្រមបានថ្លែងថា ជនជាប់ចោទត្រូវបានតុលាការដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៧ កាត់ទោសដាក់ពន្ធនគារ កំណត់ ២០ឆ្នាំ នឹងពិន័យប្រាក់ ចំនួន ៤០ លានរៀល ពីបទ “រក្សាទុក និងជួញដូរ ដោយខុសច្បាប់ នូវសារធាតុគ្រឿងញៀន ដោយខុសច្បាប់” តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនជាប់ចោទ បានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ តម្កល់ទោសគាត់ដដែល កាលពីថ្ងៃ ២០ ខែ មេសា ឆ្នាំ ២០១៩។
ជនជាប់ចោទ ក៏បន្តបណ្តឹងសារទុក្ខទៅកាន់តុលាការកំពូល។
ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ២០១៦។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានដក ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន ចំនួន ៦២៣, ៣៤ ក្រាម ពីគាត់ និង វត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។
នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ ចាន់ សុភ័ក្តិ បានសសរភាព ទទួលកំហុស ក៏ប៉ុន្តែគាត់បាននិយាយថា ទោសទណ្ឌកម្ម ដែល តុលាការថ្នាក់ក្រោម បានកាត់ទោសរូបគាត់ ដាក់ ២០ឆ្នាំ នោះ គឺធ្ងន់ធ្ងរណាស់ ,, គឺគាត់មិនអាចទទួលយកបាននោះទេ ពីព្រោះវាមិនសមាមាត្រ នឹងចំនួនសារធាតុផ្សំគ្រឿងញៀន ដែលបានដកហូត ពី គាត់នោះឡើយ។
ចាន់ សុភ័ក្តិបានសំណូមពរដល់តុលាការកំពូល មេត្តាជួយបន្ធូរបន្ថយទោស ឲ្យបានទាប ជាអតិបរមា ដើម្បីគាត់ឆាប់បានវិលត្រឡប់ជុំក្រុមគ្រួសារវិញ។
សំណរឿងនេះ តុលាការកំពូលប្រកាសសាលដីកា នៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២១ ខាងមុខនេះ៕
រក្សាសិទ្ធិដោយ: ចន្ទា ភា