Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ទ្រូម៉ាន់នី ជួយអ្នកលក់អនឡាញ ឱ្យធ្វើប្រតិបត្តិការ ទូទាត់បាន ១លានប្រតិបត្តិការ

ភ្នំពេញ ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានជួយអ្នកលក់អនឡាញរាប់រយនាក់ ឱ្យពង្រីកអាជីវកម្មអនឡាញរបស់ពួកគេឱ្យឈាន ទៅដល់ចំណុចមួយដែលការប្រើប្រាស់ផ្លែតហ្វម ដើម្បីធ្វើការទូទាត់ការចំណាយបានកើនឡើងដល់ ១លានប្រតិបត្តិការ។

ដោយបានរៀបចំធ្វើសិក្ខាសាលាជាច្រើនជាមួយអ្នកលក់អនឡាញ ក្នុងរាជធានីភ្នំពេញកាលពីឆ្នាំមុន ក្រុមហ៊ុន ទ្រូម៉ាន់នី នាពេលថ្មីៗនេះបានប្រកាសថា ក្រុមហ៊ុនបានជួយអ្នកលក់អនឡាញឱ្យធ្វើប្រតិបត្តិការ បានមួយលានប្រតិបត្តិការក្នុងរយៈពេល ៦ខែ។ ការសម្រេចបាន ១លានប្រតិបត្តិការនេះត្រូវបានធ្វើឡើង ដោយអ្នកលក់អនឡាញដោយប្រើប្រាស់កម្មវិធីទូទាត់ TrueMoney Wallet សម្រាប់ការប្រមូលប្រាក់ចំណូល និងការទូទាត់ការចំណាយជូនអ្នកផ្គត់ផ្គង់។

កាលពីចុងឆ្នាំមុន ក្រុមហ៊ុន ទ្រូម៉ាន់នី “បានចុះឈ្មោះ” អ្នកលក់អនឡាញជាង ៣០០នាក់នៅក្នុងកម្មវិធី TrueMoney Wallet ខណៈដែលក៏ផ្តល់ជូនគន្លឹះសំខាន់ៗអំពីរបៀបធ្វើទីផ្សារផលិតផលតាមអនឡាញ និងរបៀបបង្កើតឱ្យមានការតាមដាមគណនីបណ្តាញសង្គម។

លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖ “ការកើនឡើងប្រតិបត្តិការដល់ចំនួនដ៏ច្រើនបែបនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ចំពោះអ្នកលក់អនឡាញ និងអ្នកដែលធ្វើអាជីវកម្មអនឡាញផ្សេងទៀង។ គោលបំណងរបស់យើង គឺដើម្បីផ្តល់ជូនសហគ្រិនអនឡាញ និងអ្នកលក់អនឡាញនូវឧបករណ៍ និងជំនាញដែលពួកគេត្រូវការ ដើម្បីធ្វើអាជីវកម្មអនឡាញដោយជោគជ័យ”។

ថ្មីៗនេះ លោកស្រី ឃួន ហ្រ្វង់តារា បានថ្លែងនៅក្នុងបទសម្ភាសមួយថា ការទូទាត់ការចំណាយតាមអនឡាញ បានកើនឡើងខ្លាំងក្នុងត្រីមាសទី១ ឆ្នាំ២០២១។ លោកស្រីបានថ្លែងថា មួយផ្នែកនៃការកើនឡើងប្រតិបត្តិការអនឡាញនេះ គឺដោយសារថា ប្រជាជនបានងាកទៅធ្វើប្រតិបត្តិការអនឡាញ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។

លោកស្រីបានមានប្រសាសន៍ថា៖ “ការទិញកាន់តែច្រើនឡើងធ្វើតាមអនឡាញ ហើយការទូទាត់ការចំណាយនិងការផ្ទេរប្រាក់ក៏តាមអនឡាញដែ។ យើងរំពឹងថានឹងមើលឃើញនិន្នាការនេះបន្តទៀត ហើយក្នុងរយៈពេល ៦ខែខាងមុខ យើងរំពឹងថា ចំនួនប្រតិបត្តិការរបស់អ្នកលក់អនឡាញនឹងកើនឡើងដល់ ២លានប្រតិបត្តិការ”។

ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតនៅក្នុងប្រទេសកម្ពុជា។ យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុនមានបណ្តាញភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់នៅគ្រប់ទីកន្លែងទាំងអស់ នៅកម្ពុជាដែលមិនទាន់មានសេវាធនាគារ។
ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នីមានភ្នាក់ងារជាង ៦៥.០០០ភ្នាក់ងារដែលផ្តល់សេវាដល់អ្នកប្រើប្រាស់ ៤០លាននាក់នៅក្នុងប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាលីបាបា ផងដែរ ដែលជួយផ្គត់ផ្គង់សេវានិងបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗដ៏មានសុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែតាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ក្រុមហ៊ុនអាលីបាបា។

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី
ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាផ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេសទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំនៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕

×