Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិនៃកម្ពុជា ជំរុញគ្រប់ភាគីពាក់ព័ន្ធ បន្តស្មារតីសហការ លើកកម្ពស់ប្រាក់រៀលជាតិ

ភ្នំពេញ ៖ ក្នុងសេចក្តីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា កាលពីម្សិលមិញ បានឲ្យដឹងថា ក្រោមកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ប្រាក់រៀលត្រូវបានបង្កើនតួនាទី ជាលំដាប់នៅក្នុងសេដ្ឋកិច្ចនិងសង្គម ប្រកបដោយនិរន្តរភាពនិងជំនឿទុកចិត្ត ដែលបម្រើផលប្រយោជន៍ដល់ប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ និងសេដ្ឋកិច្ចទាំងមូល។

ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា សូមលើកទឹកចិត្តឲ្យសាធារណជនទាំងអស់ ប្រើប្រាស់នូវការទូទាត់តាមប្រព័ន្ធអេសឡិចត្រូនិក និងប្រើប្រាស់ក្រដាស ប្រាក់រៀលប្រកបដោយអនាម័យខ្ពស់។ កន្លងមក ដើម្បីបង្កើនការយល់ដឹងនិងលើកកម្ពស់គុណតម្លៃរបស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា ក៏បានផ្សព្វផ្សាយអំពីរបៀបនៃការទុកដាក់និងប្រើប្រាស់ក្រដាសប្រាក់រៀលឲ្យបានត្រឹមត្រូវ និងប្រកបដោយអនាម័យតាមរយៈ វីដេអូខ្លី និងឯកសារអប់រំផ្សេងៗផងដែរ។

ក្រដាសប្រាក់រៀលចាស់ ទក់ រហែក អាចយកមកប្តូរថ្មីដោយមិនគិតកម្រៃសេវា នៅគ្រប់បេឡារបស់សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត (លើកលែងតែស្នាក់ការកណ្តាល) នៅរៀងរាល់ម៉ោងធ្វើការ។
ក្នុងករណីដែលក្រដាសប្រាក់រៀលមានការខួចខាតឬបាត់បង់ទ្រង់ទ្រាយដូចមានចែងក្នុងមាត្រា ៥១ មាត្រា ៥២ និងមាត្រា៥៣ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា (១៩៩៦) ធនាគារជាតិនៃកម្ពុជា សូមរក្សាសិទ្ធីដកហូតដោយគ្មានសំណង។

ដោយឡែក មាត្រា៥១ ចែងថា៖ ធនាគារកណ្តាលអាចបដិសេធមិនប្តូរក្រដាសប្រាក់និកាស បើសិនជារូបភាពលែងមានភាពច្បាស់លាស់ បាត់បង់រូបភាពដើម ឬធ្លុះធ្លាយ ឬដែលបាត់បង់ទំហំ ៣០ភាគរយ ឬលើសពីនេះ។ រូបិយវត្ថុទាំងនេះត្រូវដកចេញពីចរាចរហើយបំផ្លាញចោលដោយគ្មានសំណងចំពោះម្ចាស់ទេ លើកលែងតែករណីពិសេសដែលធនាគារកណ្តាលអាចយល់ព្រមសងមួយចំណែកឬទាំងអស់។

មាត្រា៥២ ចែងថា៖ ក្រដាសប្រាក់ក្លែងក្លាយដែលយកមកបង់ឬប្តូរត្រូវរឹបអូសដោយគ្មានសំណង ហើយត្រូវជូនព័ត៌មានទៅអាជ្ញាធរមានសមត្ថកិច្ច។ មាត្រា ៥៣ ចែងថា៖ ម្ចាស់ប្រាក់មិនអាចទាមទារពីធនាការកណ្តាលឲ្យសង ចំពោះក្រដាសប្រាក់ឬកាសណាដែលខ្លួនធ្វើឲ្យបាត់បង់ ឬធ្វើឲ្យអន្តរាយឡើយ។ ធនាគារកណ្តាលអាចដកហូតយកដោយគ្មានថ្នូរនូវក្រដាសប្រាក់ដែលមានការខូចរូបភាពក្រៅ ជាពិសេសចំពោះក្រដាសប្រាក់ណា ដែលមានសរសេរ លាបពណ៌ បោះពុម្ព បោះត្រាឬបិទវត្ថុស្អិតពីលើ ឬធ្លុះឬបាត់រូបភាពដោយប្រការណាក៏ដោយ។

ប្រាក់រៀលតំណាងឲ្យអត្តសញ្ញាណជាតិ អធិបតេយ្យភាពជាតិ ឯករាជ្យភាពសេដ្ឋកិច្ច និងពង្រឹងសាមគ្គីភាពសង្គម។ ធនាគារជាតិនៃកម្ពុជាសូមថ្លែងអំណរគុណ និងសង្ឃឹមថាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសប្រជាជនកម្ពុជាយើង និងបន្តស្មារតីសហការលើកកម្ពស់ប្រាក់រៀលជាតិ និងរួមចំណែកយ៉ាងសកម្មក្នុងការប្រឆាំងនឹងទង្វើទាំងឡាយ ដែលប៉ះពាល់ដល់គុណតម្លៃប្រាក់រៀលរបស់យើង៕ រក្សាសិទ្ធិដោយ៖CEN

×