ភ្នំពេញ៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណដល់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលជួយគាំទ្រដល់ ធនាគារជាតិ ក្នុងការកសាង និងពង្រឹងសមត្ថភាពមន្ត្រី- បុគ្គលិកធនាគារជាតិ នៃកម្ពុជាកន្លងមក។

នៅថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានជួបប្រជុំជាមួយ លោក Dan Citrin ទីប្រឹក្សានៃការិយាល័យវាយតម្លៃឯករាជ្យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងគោលបំណងពិភាក្សា និងវាយតម្លៃទៅលើជំនួយបច្ចេកទេស ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ បានផ្តល់ជូនធនាគារជាតិ នៃកម្ពុជា នាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី បានថ្លែងអំណរគុណ ចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានចូលរួមជួយគាំទ្រ ដល់ធនាគារជាតិនៃកម្ពុជា ក្នុងការកសាង និងពង្រឹងសមត្ថភាពមន្ត្រី- បុគ្គលិកធនាគារជាតិនៃកម្ពុជា ក្នុងនោះរួមមាន ការតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ការធ្វើឱ្យប្រសើរឡើងនូវការចងក្រងស្ថិតិ ការអភិវឌ្ឍទីផ្សារអន្តរធនាគារ និងការពង្រឹងសមត្ថភាពក្នុងការត្រួតពិនិត្យលើវិស័យធនាគារ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
