សហគមន៍អុិនធើណែត ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈបានឃើញវីដេអូម្ចាស់ផ្ទះជួលមួយកន្លែង នៅក្នុងទីក្រុងហូជីមិញ (វៀតណាម) បានបង្ហាញពីទិដ្ឋភាពបន្ទប់ផ្ទះរបស់ខ្លួន ដែលបានជួលឲ្យនារីម្នាក់ស្អាតតែរូប តែបន្ទប់វិញមហាសែនគគ្រិចរកលេខដាក់គ្មាន ដែលធ្វើឲ្យពួកគាត់ហួសចិត្តសឹងថ្លែងមិនចេញ នៅពេលចូលក្នុងបន្ទប់ពោរពេញទៅដោយសំរាមគរដូចភ្នំ និងធុំក្លិនដ៏អសោចឡើងឈួលស្ទើរខ្យល់គរបែបនេះ។

ម្ចាស់ផ្ទះជួលបានចែករំលែកឲ្យដឹងថា នៅក្នុងបន្ទប់នារីអ្នកជួលនោះ គឺផ្ទុកពេញទៅដោយសំរាមគ្រប់ប្រភេទដូចជា ដបទឹក កំប៉ុងសូដា ចានឆ្នាំង ប្រអប់អាហារថ្ងៃត្រង់ ពុំនូកខោអាវ ស្បែកជើង និងរបស់របរសំណល់ហូបចុកដ៏កខ្វក់ៗជាច្រើនទៀត។ ហើយលើសពីនេះ អ្វីដែលកខ្វក់បំផុតនោះ គឺបង្គន់ និងលើកំរាលឥដ្ឋ នៃបន្ទប់ទឹក បានប្រែជាមានក្លិនស្អុយអសោចខ្លាំងតែម្តង។
បន្ទាប់បង្ហោះបានប៉ុន្មានម៉ោង រូបភាពទាំងនេះ បានទទួលការចាប់អារម្មណ៍ពីសំណាក់មហាជន ជាមួយការ Liked ចំនួន 2,000 និងខមិនពោរពេញដោយការស្អប់ខ្ពើមរាប់រយ។

ក្នុងនោះ មនុស្សជាច្រើនព្រោះតែទប់ចិត្តមិនបាន ក៏បានលើកឡើងបែបនេះថា៖ «ហេតុអ្វីបានជានៅមានមនុស្សរស់នៅ ក្នុងភាពកខ្វក់បែបនេះ។ ខ្ញុំសូមសរសើរនាងហើយ ដែលនាងអាចដេក និងដកដង្ហើមបាន ជាមួយគំនរសំរាមដ៏កខ្វក់បែបនេះ, ខ្ញុំមិនដឹងថាស្រីម្នាក់ហ្នឹងស្រស់ស្អាត ឫអាក្រក់យ៉ាងណាទេ ដែលអនុញ្ញាតឱ្យបន្ទប់ខ្លួនឯងមើលទៅដូចជា «ភក់ជ្រាំ» ហើយកោតចេះតែអាចរស់នៅបាន»។
បើតាមប្រភពបានឲ្យដឹងថា នារីនោះគឺជាអ្នកស្រុកស្រែជនបទ ឡើងមកបន្តការសិក្សានៅទីក្រុង នៃសាលាសៃហ្គន និងបានជួលបន្ទប់ម្ចាស់ផ្ទះខាងលើ អស់រយៈពេល ២ ឆ្នាំ មកហើយ ប៉ុន្តែទើបតែត្រូវបានបែកធ្លាយករណីដ៏ហួសចិត្ត គឺក្រោយម្ចាស់ផ្ទះមានការសង្ស័យដោយចេះតែមានការធុំក្លិនមិនល្អ ហើយក៏បានចូលត្រួតពិនិត្យតែម្តងទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








