ខេត្តកណ្តាល ៖ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានថ្លែងប្រាប់សារព័ត៌មាន នៅថ្ងៃទីទី១៤ ខែកក្កដា ឆ្នាំ២០២១នេះថា ជនសង្ស័យឈ្មោះ គឹម មនោរម្យ ហៅណូ ភេទប្រុស អាយុ២៤ឆ្នាំ ដែលជាមុខសញ្ញាឆក់កក្រើកក្រុងតាខ្មៅ និងមានទាំងដីកាឃាត់ខ្លួនផងនោះ ត្រូវបានបង្ក្រាប បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់។

លោក អធិការ បានឱ្យដឹងទៀតថា ជនសង្ស័យត្រូវបានកម្លាំង របស់លោកសហការជាមួយប្រជាពលរដ្ឋ ធ្វើការដេញតាម និងបង្រ្កាបបាន នៅលើផ្លូវបេតុងក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ជនសង្ស័យ រស់នៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ បន្ទាបពីរូបគេធ្វើសកម្មភាព ជិះម៉ូតូឆក់កាបូបពីស្ត្រីរងគ្រោះ ឈ្មោះ ស៊ន ស្រីនាង អាយុ៣១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនBIM មានទីលំនៅផ្ទះលេខ៦៦ ផ្លូវលេខ១០ បុរីពិភពថ្មី២ ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្នុងតាខ្មៅ ខណៈកំពុងជិះម៉ូតូជាមួយស្វាមី ទៅធ្វើការ នៅលើផ្លូវលេខ២០៦ ក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
លោកអធិការបានបន្តថា ជនសង្ស័យជាមុខសញ្ញាចាស់ និងមានដីកាបង្គាប់ ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល លេខ២៩៦ដ.ក.ប.ចខ ចេញដោយចៅក្រមស៊ើបសួរ លោក ជួន វណ្ណ: ចុះថ្ងៃទី១១ ឧសភា ២០២០ ពីបទ លួច មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃ២៣ មីនា ២០២០ ទៀតផង។

លោកអធិការ បានបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះកំពុងតែជិះម៉ូតូពីរនាក់ប្តី ដោយប្តីជាអ្នកឌុប ឆ្ពោះទៅកន្លែងធ្វើការនៅភ្នំពេញ ពេលដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ ជិះម៉ូតូ១គ្រឿង មកពីក្រោយដល់ទន្ទឹម រួចធ្វើសកម្មភាពឆក់កាបូបយួរ របស់ជនរងគ្រោះកាន់ដាក់លើភ្លៅ រួចជិះម៉ូតូគេចខ្លួន។
លោកបញ្ជាក់ថា នៅពេលធ្វើសកម្មភាពឆក់ ហើយជនរងគ្រោះជិះម៉ូតូដេញតាម ស្រែកថាចោរៗផ្អើលដល់ប្រជាពលរដ្ឋ ទើបកម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ជួយអន្តរាគមន៍ដេញស្ទាក់ ចាប់ឃាត់ខ្លួនជនសង្ស័យ បានរួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

ក្រោយពីចាប់ខ្លួន សមត្ថកិច្ចដកហូត ម៉ូតូ១គ្រឿងម៉ាកHONDA១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IS.3509 របស់ជនសង្ស័យ ជិះធ្វើសកម្មភាព និងកាបូបយួរពណ៌ឈាមជ្រូក ជារបស់ជនរងគ្រោះ ប្រគល់ឱ្យម្ចាស់ដើមវិញ៕ រក្សាសិទ្ធិដោយ៖ ជំនោ

