ខេត្តកណ្តាល ៖ សមត្ថកិច្ចស្រុកកៀនស្វាយ បានបញ្ជាក់នៅថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២១ថា ជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម ខណៈជិះម៉ូតូលឿនពេលរលឹមភ្លៀង មើលផ្លូវមិនច្បាស់បុករ៉ឺម៉កម៉ូតូដែលបត់ត្រឡប់ក្រោយ ។

សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២០និង៣០នាទី យប់ថ្ងៃទី១៣ កក្កដា ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥០-៥១ ដែលស្ថិតក្នុងភូ មិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបន្តថា ក្នុងគ្រោះថ្នាក់នេះ បណ្តាលឱ្យអ្នកបើកបរម៉ូត ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ផ្លាកលេខ ភ្នំពេញ 1BZ.9492 ឈ្មោះ វ៉ែន គង្គា អាយុ២៩ឆ្នាំ មានទីលំនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បែកក្បាលស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម។

សមត្ថកិច្ចបានអះអាងទៀតថា យោងតាមកាមេរ៉ាសុវត្ថិភាព ផ្ទះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានបង្ហាញថា នៅមុនពេលកើតហេតុ មានម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិច ( អ្ន កលឿង-ភ្នំពេញ ) ពេលមកដល់ចំណុចកើតហេតុ ក៏បានឈប់និងបត់ត្រឡប់ក្រោយ។
ក្នុងគ្រោះថ្នាក់រវាងម៉ូតូរបស់ជនរងគ្រោះដែលបើកបរម្នាក់ឯងក្នុងល្បឿនលឿន និងដោយសារមានភ្លៀងធ្លាក់មើលផ្លូវមិនសូវច្បាស់ផងនោះ មកពីក្រោយក៏បានបុករ៉ឺម៉កម៉ូតូពីក្រោយពេញទំហឹង បណ្តាលឱ្យដួលទាំងអស់គ្នា ហើយទំនងជាដឹងថា ជនរងគ្រោះស្លាប់ ភាគីខាងរ៉ឺម៉ក ក៏នាំគ្នាមើលរ៉ឺម៉កបើករត់គេចបាត់ទៅបន្សល់នូវជនរងគ្រោះដែកស្លាប់កណ្តាលផ្លូវ។

ក្រោយមកសមត្ថកិច្ចនគរបាលមូលដ្ឋាននិងជំនាញចរាចរណ៍ផ្លូវគោក មកដល់កន្លែងកើតហេតុ ក៏បានធ្វើការវាស់វែង និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯវត្ថុតាងម៉ូតូ ត្រូវបាននាំយកទីរក្សាទុកបណ្តោះនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ៕រក្សាសិទ្ធិដោយ៖ជំនោ


