ភ្នំពេញ ៖ ប្រិយមិត្តជាច្រើននៅក្នុងបណ្តាញសង្គម ពិតជាបានស្គាល់ច្បាស់ហើយពីឈ្មោះ អាជី លីដឺ ដែលជាអ្នកលក់ឡេតាមអនឡាញដ៏មានប្រជាប្រិយភាព និងសព្វថ្ងៃនេះ កំពុងតែប្រកបអាជីវកម្មលក់គ្រឿងក្រអូប បោះដុំ និងរាយនាំមកពីប្រទេសថៃ។ ប៉ុន្តែ មួយរយៈពេលប៉ុន្មានខែមុននេះ អាជី បានជួបរឿងមិនល្អស្ទើរងើបមុខមិនរួច បន្ទាប់ពីមហាជនភាគច្រើន នាំគ្នារិះគន់យ៉ាងចាស់ៗដៃ ព្រោះតែដោយសារថតសម្តែងរឿង “ទុំទាវ ២០២១” បែបកំប្លែង យកសាសនាមកលេងសើច រហូតក្រសួងវប្បធម៌កោះហៅយកដុសក្អែល ទាំងបងនិងប្អូន ឡើងផ្អើលកក្រើកតែម្តង។

តែទោះយ៉ាងណា បន្ទាប់ពីរឿងរ៉ាវនេះបានស្ងប់ស្ងាត់ ក៏ស្រាប់តែកាលពីពេលកន្លងទៅថ្មីៗនេះ ប្អូនស្រី អាជី ឈ្មោះអាមុី បានលេចមុខភ្ជាប់ពាក្យជាមួយគូស្នេហ៍ ដែលទទួលបានថ្លៃបណ្តាការ រហូតដល់ ៩៩៩៩៩ ដុល្លារ (ស្មើរនិង ៤០០ ០០០ ០០០ រៀល) និងចិញ្ចៀនពេជ្រ ២០ មុឺនដុល្លារ ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងតែម្តង ព្រោះថានេះជាទំហំថ្លៃបណ្តាការដ៏មិនធម្មតា ដែលមនុស្សធម្មតាមិនអាចធ្វើបាន។
ពិតណាស់ នៅក្នុងអំឡុងពេលនៃពិធីភ្ជាប់ពាក្យប្អូនស្រីរបស់ខ្លួន អាជី ក៏បានបង្ហាញមុខគូស្នេហ៍របស់ខ្លួន ឲ្យមហាជនបានឃើញផងដែរ និងបន្ទាប់មក ក៏បានបង្ហោះសារជិតដល់វេនខ្លួនដែរហើយយ៉ាងដូច្នេះថា «ខ្ញុំសម្រេចចិត្តយកប្ដីហេីយជួបគ្នាថ្ងៃទី២៣ ខែកក្កដានេះក្នុងកម្មវិធីភ្ជាប់ពាក្យ អៀនណាស់»។ ហើយបន្ទាប់មក អាជី ក៏បានបង្ហោះរូបភាពកាដូរផ្ទះវីឡាដ៏ស្កឹមស្កៃ ពីអនាគតប្តី និងថែមទាំងឡាយវីដេអូឲ្យមហាជនធ្វើការទស្សន៍ទាយថា តើថ្លៃបណ្តាកាខ្លួនតម្លៃប៉ុន្មានទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
















