ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេច ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុង ពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សម្រាប់ជុំទី៦ ដែលមានរយៈពេលបីខែ គឺសម្រាប់ខែកក្កដា ខែសីហា និងខែកញ្ញា ឆ្នាំ២០២១។ រយៈពេលអនុវត្តបន្ត នឹងត្រូវកំណត់ដោយឡែក ផ្អែកតាមសភាពការវិវត្តន៍ជាក់ស្តែង។ ការបើកផ្តល់ប្រាក់ឧបត្ថម្ភត្រូវធ្វើឡើងក្នុងសប្ដាហ៍ទី៤ នៃខែនីមួយៗ។ នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

នៅក្នុងសេចក្តីសម្រេច បានបញ្ជាក់ថា អនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
អ្នកនាំពាក្យក្រសួងផែនការ លោកស្រី ដា បានមានប្រសាសន៍បញ្ជាក់ប្រាប់ CEN ថា កម្មវិធីនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តចាប់ពីខែមិថុនា ឆ្នាំ២០២០មកម្ល៉េះ ដែលមានគ្រួសារក្រីក្រសរុប ចំនួនប្រមាណ៧០ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនសរុបចំនួនប្រមាណ២លាន៨សែននាក់ កំពុងទទួលផលបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។

អាស្រ័យរាជរដ្ឋាភិបាលបានមើលឃើញ ពីស្ថានភាពនៃការរីករាលជំងឺកូវីដ១៩នៅបន្ត និងបានប៉ះពាល់ជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះ គឺរាជរដ្ឋាភិបាលបានសម្រេច បន្តបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ត៣ខែទៀត គឺខែកក្កដា ខែសីហា និងខែកញ្ញា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយៈ ចេស្តារ



