ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តកូរ៉េ ដឹកទំនិញមួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតជ្រុលទៅបុកម៉ូតូសណ្តោងរឺុម៉ក ចំពីមុខពេញទំហឹងបណ្តាលឲ្យដាច់ម៉ូតូ ចេញពីរឺុម៉កចូលក្រោម រថយន្តទៅធ្លាក់ចូលក្នុងប្រឡាយ សំណាងល្អម្ចាស់រឺុម៉កលោតចេញទាន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង៥ និង៤០នាទីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ចំណុចជាប់នឹងបុរីឈូកវ៉ា២ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះចាន់ ឌីភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរត់រុឺម៉ក ។
យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បានបើកម៉ូតូសណ្តោងរុឺម៉កមួយគ្រឿង ពាក់ផ្លាកលេខ តាកែវ 1A 0320 ធ្វើដំណើរតាមបណ្តោយផ្លូវរថភ្លើង ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុជាប់នឹងបុរីឈូកវ៉ា២ ស្រាប់តែគេឃើញរថយន្តកូរ៉េដឹកទំនិញមួយគ្រឿងទៀត ក្បាលពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3E 6281 បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នា ពីកើតមកលិចក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុកចំពីមុខរុឺម៉កសណ្តោង ពេញទំហឹងបណ្តាលឲ្យដាច់ម៉ូតូ ចូលក្រោមរថយន្តអូសទៅមុខធ្លាក់ចូលទៅក្នុងប្រឡាយ សំណាងល្អមិនបង្កឲ្យនរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែរុឺម៉កនិងរថយន្តបង្ក។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយផ្នែកជំនាញចរាចរណ៍ ចុះមកដល់ធ្វើការវាស់វែង យកម៉ូតូសណ្ដោងរ៉ឺម៉ក និងរថយន្តបង្កទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យភាគីទាំងពីរ ដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត




