ភ្នំពេញ ÷ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងបន្ទប់ជួលដោយស្រ្តីរូបនោះ មានជំងឺប្រចាំកាយជាច្រើនឆ្នាំ ព្រោះតែមិនមានថវិកាដើម្បីទៅព្យាបាល នៅមន្ទីរពេទ្យ បន្ទាប់មកក្រុមគ្រួសារបានលើកសព ដាក់នៅលើរទេះរុញមកវត្ត ដើម្បីសុំលោកបូជា ព្រោះតែជីវភាពក្រីក្រមិនមានថវិកា ដើម្បីដឹកសពយកទៅស្រុកកំណើត នៅខេត្តព្រៃវែងនោះទេ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩ និង១៥ នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចមុខវត្តកំពែង ក្នុងភូមិត្រពាំងល្វា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពមានឈ្មោះ អឹម សាវឿន ភេទស្រី អាយុ ៤៦ ឆ្នាំមុខរបររើសអេតចាយ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង។
យោងតាមប្រភពព័ត៌មានពីប្តីរបស់ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា ដំបូងឡើយ ដោយស្រ្តីរងគ្រោះត្រូវជាប្រពន្ធគាត់ មានជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ ដោយពួកគាត់មិនមានថវិកាគ្រប់គ្រាន់ ដើម្បីទៅព្យាបាលនៅមន្ទីរពេទ្យនោះទេ ដោយសារតែរកមួយថ្ងៃហូបមួយថ្ងៃ ណាមួយថ្លៃផ្ទះជួលទៀត ហើយការងារបស់គាត់ ដើររើសអេតចាយផង និងទិញគេផង មិនមានថវិកាគ្រប់គ្រាន់ ដើម្បីថ្លៃព្យាបាលនោះឡើយ។

ខណៈពេលមកដល់ថ្ងៃកើតហេតុខាងលើ ស្រាប់តែប្រពន្ធរបស់គាត់ បានដាច់ខ្យល់ស្លាប់នៅក្នុងបន្ទប់ជួល បន្ទាប់មកពួកគាត់បានលើកសពស្រ្តីជាប្រពន្ធ មកវត្តកំពែង ដើម្បីសុំវត្តបូជា និងរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យកន្លែងកើតហេតុភ្លាមៗ។
ក្រោយពីកើតហេតុខាងលើឃើញថា មានវត្តមានលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ លោកចុះមកដល់រួចក៏បានទំនាក់ទំនង ទៅក្រុមគ្រូពេទ្យឲ្យចុះមកយកសំណាក ដើម្បីរកមេរោគកូវីដ១៩ បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យរួចឃើញថា សពស្រ្តីខាងលើអវិជ្ជមាន បន្ទាប់មកក៏ឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារ យកសពបូជាតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សា មេត


