ភ្នំពេញ ÷ នារីម្នាក់រងរបួសធ្ងន់ទាំងព្រឹក ខណ:កំពុងជិះម៉ូតូចេញទៅធ្វើការ ត្រូវបានចោរឆក់កាបូប បណ្តាលឲ្យដួលរងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នារីរងគ្រោះខាងលើ មានឈ្មោះ អ៊ុក ស្រីស្រស់ អាយុ២៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលម្តុំផ្សារទឹកថ្លា។
តាមការរៀបរាប់ពីនារីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឃ្លិកពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1HK 4582 ចេញពីបន្ទប់ក្នុងទិសដៅពីលិចទៅកើត លុះដលើលើស្ពានអាកាសផ្សារដីហុយ ក៏បានលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមិនចាំម៉ាក បានមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយ របស់ជនរងគ្រោះ បណ្តាលឲ្យនារីរងគ្រោះខាងលើ ដួលបោកទៅនឹងខឿនស្ពាន រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅតាមរថយន្តសាមុយ របស់មន្ទីរពេទ្យឯកជនសុងកា ដឹកយកទៅសង្រ្គោះភ្លាមៗ។ ចំណែកជនសង្ស័យ ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព។

ក្រោយពេលកើតកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដែលឈរជើងនៅក្រោមស្ពានអាកាសផ្សារដីហុយ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូបែកក្អម ចុះទៅកន្លែងកើតហេតុ និងបានយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅប៉ុស្តិ៍ និងរង់ចាំឲ្យជនរងគ្រោះ មកដាក់ពាក្យបណ្តឹង នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម



