ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CAMSOC អំពាវនាវឲ្យមហាជន ត្រៀមប្រកួតប្រជែងស្នាដៃ ការរចនាភ្លើងគប់ និងមេដាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

CAMSOC-ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានអំពាវនាវឲ្យមហាជន យុវជន យុវនារី ដែលមានទេពកោសល្យខាងរចនាភ្លើងគប់ និងមេដាយ សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមរបស់កម្ពុជា សូមត្រៀមខ្លួន ចូលរួមដាក់ប្រឡងស្នាដៃរបស់ខ្លួន ឲ្យបានច្រើនកុះករ នាខែក្រោយនេះ ដើម្បីឲ្យ CAMSOC មានជម្រើសកាន់តែច្រើន និងសម្រិតសម្រាំងបាននូវស្នាដៃដ៏ល្អឯក សម្រាប់រួមដំណើរឆ្ពោះទៅឲ្យការប្រកួតនេះ ទទួលបានជោគជ័យជាប្រវត្តិសាស្រ្ត។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានគូសបញ្ជាក់កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ លើការដាក់ប្រឡងស្នាដៃ ការរចនាភ្លើងគប់ និងមេដាយនេះថា CAMSOC នៅមានការប្រកួតប្រជែងស្នាដៃ លក្ខណៈបើកទូលាយ ជាសាធារណៈចំនួនពីរទម្រង់នេះទៀត គឺទី១ ការរចនាភ្លើងគប់ និងទី២ គឺការរចនាមេដាយ ដោយឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានចង្អុលបង្ហាញឲ្យប្រកាសផ្សព្វផ្សាយ បើកការប្រកួតប្រជែង ឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារីរបស់យើង ដែលគាត់មានទេពកោសល្យ ថ្វីដៃ ក្នុងការគូររូប ឆ្លាក់រចនាភ្លើងគប់ និងមេដាយ។

ឯកឧត្តមអគ្គលេខាធិការលើកឡើងថា ការបើកប្រកួតប្រជែងស្នាដៃនេះ គឺជាការផ្តល់កិត្តិយសល់មហាជន យុវជន យុវនារីរបស់យើង ដែលជាចំណែកមួយ នៃការចូលរួមជាមួយគ្នា ក្នុងការជំរុញឲ្យព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ ជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា។

ការបើកយុទ្ធនាការប្រឡងប្រជែងនេះ នឹងធ្វើឡើងនាខែក្រោយ ហើយបេក្ខជននានា មានពេលវេលាប្រមាណ៤ខែ ដើម្បីការរចនាស្នាដៃរបស់ខ្លួន។ បេក្ខជនជ័យលាភី ដែលបានបញ្ចេញស្នាដៃសម្រាប់ជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងទទួលបានកិត្តិយស និងប្រាក់រង្វាន់លើកទឹកចិត្តផងដែរ ដូចដែល CAMSOC ធ្លាប់បានដាក់ឲ្យប្រកួតប្រជែងកន្លងទៅ នៃការរចនាស្លាកសញ្ញា និងនិមិត្តសញ្ញា (LOGO-Mascot) កន្លងទៅដែរ។ ប៉ុន្តែស្លាកសញ្ញា និងមិនិត្តសញ្ញានេះ មានតម្លៃខ្ពស់ជាងការធ្វើភ្លើងគប់ និងមេដាយ។ ជាមួយគ្នានោះ ឯកឧត្តម វ៉ាត់ ចំរើន បានអំពាវនាវឲ្យយុវជន និងមហាជនទាំងអស់ ដែលមានទេពកោសល្យត្រៀមខ្លួន ក្នុងការចូលរួមការប្រកួតប្រជែង ដាក់ជាបេក្ខភាពប្រកួតប្រជែងគំនូរភ្លើងគប់ និងមេដាយ ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមរំឭកថា CAMSOC ធ្លាប់បានបើកការប្រកួតប្រជែង ជាសាធារណៈនៃការរចនាស្លាកសញ្ញា-និមិត្តសញ្ញា ជាផ្លូវការ ដោយស្នាដៃជ័យលាភីទាំងពីររូប ត្រូវបានប្រកាស និងប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត នៅក្នុងពិធីជាផ្លូវការ នៃការរាប់ថយក្រោយ១០០០ថ្ងៃ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ បេក្ខជនជ័យលាភីទាំងពីររូប គឺលោក នាង វិសាល ដែលជាម្ចាស់ជ័យលាភីស្លាកសញ្ញា (LOGO) និងម្ចាស់ជ័យលាភីនិមិត្តសញ្ញា (Mascot) បានទៅលើ លី គឹមអាន។
បេក្ខជនជ័យលាភីទាំងពីររូបលើស្នាដៃ Logo និង Mascot ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់ៗ ២០លានរៀល ហើយទទួលបានសិទ្ធិជាអគ្គរដ្ឋទូតសុច្ឆន្ទៈ “Good Will Games Ambassador” SEA Games 2023, ទទួលបានសិទ្ធិទស្សនា ការប្រកួតគ្រប់ប្រភេទកីឡា និងពិធីបើក-បិទ SEA Games 2023 ព្រមទាំងបានចុះឈ្មោះក្នុងបញ្ជីមរតក SEA Games Legacy ផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

ចូលមើលព័ត៌មានថ្មីៗបន្ថែម