ខេត្ដឧត្ដរមានជ័យ ៖ ក្នុងពេលប្រគល់ថវិកាឧបត្ថម្ភចំនួន ១០លានរៀល និងសម្ភារផ្សេងទៀត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រគល់ជូនដល់អ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទី៥លាន នៅឯខេត្ដឧត្ដរមានជ័យ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស បានពន្យល់ថា អង្គការសុខភាពពិភពលោក មិនទាន់បានបញ្ជាក់ឱ្យប្រើប្រាស់វ៉ាក់សាំងឆ្លាស់គ្នានៅឡើយទេ ថែមទាំងបានចេញផ្សាយហាម មិនឱ្យប្រើប្រាស់វ៉ាក់សាំងលាយច្របល់គ្នានេះដែរ។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា មុននឹងធ្វើការចាក់វ៉ាក់សាំងលាយគ្នា ឬឆ្លាស់គ្នា យើងត្រូវមានការសិក្សា តាមបែបវិទ្យាសាស្ត្រឲ្យបានត្រឹមត្រូវ ព្រោះវ៉ាក់សាំងខ្លះ គេយក DNA ឫ RNA របស់វីរុស ឬផ្នែកណាមួយរបស់វីរុស យកទៅបន្ស៉ាំផលិតឱ្យចេញជាវ៉ាក់សាំង ដូចនេះ វាមានភាពខុសគ្នា ហើយបើវាខុសគ្នា រួចយើងយកមកបញ្ជូលគ្នា វានឹងអាចមានប្រតិកម្ម៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN








