ភ្នំពេញ ៖ ភាគហ៊ុន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និង អេស៊ីលីដា ជាភាគហ៊ុនពីរដែលបានបង្ហាញការ ធ្លាក់ចុះនៅថ្ងៃពុធម្សិលមិញ ចំនួន ១០០រៀល និង ១២០ រៀល ក្នុងមួយហ៊ុន មកត្រឹម ១៥,២០០រៀល និង ១២,៩៨០ រៀល។

ភាគហ៊ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាភាគហ៊ុនតែមួយគត់ ដែលមានកំណើននៅថ្ងៃពុធ ដោយបានកើនឡើង ៨០រៀល មកបិទនៅថ្លៃ ១៣,៨៦០ រៀល។ ភាគហ៊ុន បួននៅសល់បានរក្សាថ្លៃថេរដដែល។ សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះមកវិញ ០.៥៦ ភាគរយ មកត្រឹម ៥៤៧.៤៦ ពិន្ទុ ដែលមាននិន្នាការបម្រែបម្រួលអវិជ្ជមាន ស្រដៀងគ្នា ទៅនឹងផ្សារមូលបត្ររបស់បណ្តាប្រទេសដទៃផងដែរនៅថ្ងៃនេះ។
ក្នុងចំណោមកំពង់ផែចម្បងនៅព្រះរាជាណាចក្រកម្ពុជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅតែអាចទទួលបាននូវប្រាក់ចំណូល កើនឡើងរបស់ខ្លួននៅពាក់កណ្តាលឆ្នាំ២០២១នេះ កំឡុងពេលនៃការរីករាលជំងឺកូវីដ-១៩ នេះ ជាមួយនឹងអត្រាកើនឡើងរហូតដល់ ១៤ភាគរយ បើប្រៀបធៀបជាមួយនឹងរយៈពេលដដែលនៅកាលពីឆ្នាំ២០២០។

គ្មានចម្ងល់អ្វីនោះ ដែលថ្លៃរបស់ភាគហ៊ុននេះបន្តកើនឡើងដូច្នេះ ដែលអាចទាក់ទាញវិនិយោគិនបន្ថែម ក្នុងការធ្វើជាម្ចាស់ភាគហ៊ុនដ៏មានសក្តានុពលនេះ។ សន្ទស្សន៍ផ្សារមូលបត្រនៅថ្ងៃពុធមានចំនួន ៥៤៧,៤៦ ដោយមូធនទីផ្សារមានជាង ៨,៣០ប៊ីលានរៀល ក្នុងនោះបរិមាណជួញដូរហ៊ុន មាន ១៦៥,៧៧៨ ដែលមានទំហំជួញដូរ ១,៨៥៧ប៊ីលានរៀល៕
រក្សាសិទ្ធិដោយ៖CEN
