ភ្នំពេញ ៖ បច្ចុប្បន្ននេះ មុខរបរលក់ដូរតាមអនឡាញ ឃើញថាមានបងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន បានងាកមកចាប់របររកស៊ីលក់ផលិតផលផ្សេងៗ នៅលើវេទិកាបណ្តាញសង្គមដ៏ធំ Facebook យ៉ាងផុសផុលតែម្តង។ តែទោះយ៉ាងណា មុខរបរលក់ដូរផ្តល់សេវាកម្មដ៏ងាយស្រួលមួយនេះ គេក៏តែងតែសង្កេតឃើញ បានជួបនូវបញ្ហាជារឿយៗ រវាងអ្នកលក់ និងអតិថិជន ដោយសារតែការរកស៊ីពុំផ្តល់ទំនុកចិត្តគ្នា ដែលនិយាយឲ្យចំទៅ គឺភាគច្រើនបានកើតឡើង ចេញពីអ្នកលក់ដែលមានគំនិតខូចមួយចំនួន រកស៊ីបោកប្រាស់អតិថិជនតែម្តង។

ពិតណាស់ បញ្ហាដែលបានកើតឡើង ដែលជនរងគ្រោះជាអតិថិជន តែងតែបង្ហោះជារឿយៗនោះ គឺទាក់ទងបើមិនរឿង «វេលុយឲ្យមុនស៊ីដាច់ អត់ដឹកអុីវ៉ាន់ឲ្យ ហើយប្លុកលេខចោលបាត់» ក៏រឿងលក់ផលិតផលបោកប្រាស់គុណភាពដែរ ព្រោះថា ពេលឡាយ (Live) សុទ្ធតែខោអាវស្អាតៗ តែពេលដល់ដៃអតិថិជនសុទ្ធតែក្បាលគីប ឬ double second hand ជាដើម។
ជាក់ស្តែង ថ្មីៗនេះ ដូចជាផេកលក់ខោអាវមួយនេះអុីចឹង ដែលមានឈ្មោះថា «ម៉ារី លក់ខោអាវបោះដុំ» ត្រូវបានអតិថិជនម្នាក់ បានសម្រេចចិត្តសុំពឹងសារព័ត៌មានយើង ឲ្យជួយចុះផ្សាយ បន្ទាប់ពីអ្នកលក់ម្ចាស់ផេកខាងលើនេះ បានរកស៊ីបោកប្រាស់ទំនុកចិត្តគាត់ ដោយឲ្យគាត់ផ្ញើលុយឲ្យមុន ហើយស្រាប់តែមិនដឹកអុីវ៉ាន់ឲ្យ ដែលរហូតពេលនេះ ចូល១ខែហើយ។

ស្រ្តីរងគ្រោះដែលមានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា គាត់បានកុម្ម៉ង់ខោអាវ យកមកលក់បន្ត ពីផេកឈ្មោះ «ម៉ារី លក់ខោអាវបោះដុំ» និងបានផ្ញើលុយឲ្យសរុបទឹកប្រាក់ចំនួន ៣៣ ម៉ឺនរៀល ប៉ុន្តែ បន្ទាប់ពីផ្ញើលុយឲ្យ ស្រាប់តែអ្នកលក់អត់ដឹកអុីវ៉ាន់ឲ្យសោះ។
ស្រ្តីរងគ្រោះ ក៏បានដឹងទៀតថា អ្នកលក់បានប្រាប់ថា «ស្អែក» នឹងវេរលុយឲ្យវិញ ប៉ុន្តែស្អែកហើយស្អែកទៀត ដែលគិតមកទល់ពេលនេះ មានរយៈពេលមួយខែមួយហើយ គឺស្ងាត់ឈឹងតែម្តង។
តាមរយៈនេះផងដែរ យើងក៏សូមឲ្យអ្នកលក់ខោអាវបោះដុំតាមអនឡាញខាងលើ បើបានឃើញព័ត៌មាននេះហើយ សូមប្រញាប់ទូទាត់សងប្រាក់គេវិញផង បើមិនចង់ឲ្យមុខរបរលក់ដូររបស់ខ្លួន ត្រូវសាបរលាបដោយសារតែការរកស៊ីមានគំនិងអាក្រក់មួយនេះ ហើយក៏សូមបងប្អូនប្រិយមិត្តនជួយចែករំលែកបន្តផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






