Sunday, June 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតកម្មសូត្រ ចេញពីដង្កូវនាង នៅមានការវិវឌ្ឍយឺតយ៉ាវនៅឡើយ

ភ្នំពេញ ៖ បច្ចប្បន្ន ការអភិវឌ្ឍផលិតកម្មដំណាំមននៅមានកម្រិត ដោយសារប្រពៃណី ទំនៀមទម្លាប់ទាំងការដាំមន ការចិញ្ចឹមដង្កូវនាង ការផលិតសសៃសូត្រ និងការត្បាញ មិនទាន់មានការផ្លាស់ប្តូរ ឬមានការវិវឌ្ឍយឺតយ៉ាវនៅឡើយ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងពីមូលហេតុថា ទាំងនេះ ត្រូវបានរកឃើញថា ដោយសារនៅខ្វះបច្ចេកទេសដាំ ការជ្រើសរើសពូជមន ពូជដង្កូវនាង ការចិញ្ចឹមដង្កូវនាង ខ្វះពូជដង្កូវនាង ដែលមានគុណភាពល្អ និងផ្តល់ទិន្នផលសូត្រខ្ពស់ ខ្វះការកែច្នៃសរសៃសូត្រ ឧបករណ៍ប្រើប្រាស់ដូចជាកីតម្បាញជាដើម។

ភាពយឺតយាវនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងបាននិងកំពុងខិតខំធ្វើការផ្សព្វផ្សាយ និងបណ្តុះបណ្តាលកសិករអំពីបច្ចេកទេសដាំដុះដំណាំមន និងការចិញ្ចឹមដង្កូវនាង ព្រមទាំងបានផ្តល់ពូជមន និងពូជដង្កូវនាងដែលជាពូជក្នុងស្រុក (ពូជសូត្រមាស) ដល់កសិករ និងសិប្បករដើម្បីយកទៅដាំ និងចិញ្ចឹមនៅខេត្តកំពត តាកែវ សៀមរាប បន្ទាយមានជ័យ និងកំពង់ឆ្នាំងដើម្បីបង្កើនផលិតកម្ម។

ទោះជាយ៉ាងណា ការបណ្តុះបណ្តាល និងការគាំទ្រដល់កសិករពុំទាន់អាចឆ្លើយតបបានទាំងស្រុង តាមតម្រូវការជាក់ស្តែងនៅឡើយ ដោយសារចំណេះដឹង ជំនាញរបស់មន្រ្តីបច្ចេកទេសទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តទាក់ទងនឹងខ្សែច្រវាក់ផលិតកម្មសសៃសូត្រនៅមានកម្រិត ដែលទាមទារឱ្យមានការលើកកម្ពស់សមត្ថភាពធនធានមនុស្សបន្ថែមទៀត ព្រមជាមួយធនធានថវិកាសម្រាប់បម្រើឲ្យការងារស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ។

ដើម្បីធ្វើឱ្យប្រសើរឡើងនូវផលិតកម្មសូត្រ តាមរយៈការផ្សព្វផ្សាយពីពូជដង្កូវនាង និងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ ដោយបណ្តុះបណ្តាល ក្រុមកសិករ សិប្បករ និងសហគ្រិន នឹងមានជំនាញច្បាស់លាស់ក្នុងការដាំដុះដំណាំមន និងចិញ្ចឹមដង្កូវនាង អាចផលិតបានពូជដង្កូវនាងថ្មីបានច្រើន ផ្តល់ទិន្នផលខ្ពស់ ស្របទៅនឹងលក្ខខណ្ឌអាកាសធាតុ នោះនៅពេលខាងមុខ វិស័យផលិតកម្មសូត្រ នឹងមានការរីកចម្រើន និងអាចផលិតសរសៃសូត្របានច្រើន ដើម្បីផ្គត់ផ្គង់សេចក្តីត្រូវការក្នុងស្រុក កាត់បន្ថយការនាំចូល និងអាចនាំចេញបានមួយចំនួនទៀតផង។

អ្នកជំនាញ បានលើកឡើងថា ផលិតផលធ្វើពីសូត្រ មានតម្លៃថ្លៃបន្តិច បើធៀបទៅនឹងផលិតផលស្រដៀងគ្នា ដែលមិនមែន វត្ថុធាតុដើមធ្វើពីសូត្រ ដោយអ្វីដែលទាក់ទងនិងការធ្វើសំពត់ហូល ចេញពីសូត្រគឺថ្លៃ។ ផលិត ផលចេញពីសូត្រ ត្រូវការរយៈពេលយូរពី១អាទិត្យ ទៅ១០ថ្ងៃ (ក្នុងការត្បាញ)។ តម្លៃគឺថ្លៃបើប្រៀបធៀបជាមួយរបស់នាំចូល ដែលមិនមែនជាសូត្រ គ្រាន់តែជារបស់ដែលជាការចម្លងម៉ូត ជាក្រណាត់មានជាតិ polyster កៅស៊ូដែលក្តៅ ស្អុះ គ្រាន់តែពណ៌ស្អាតប៉ុណ្ណោះ។ សំពតហូលដែលធ្វើពីសូត្រ ជារបស់ធ្វើដោយដៃ។

គួរបញ្ជាក់ថា ការគាំទ្រផលិតផលខ្មែរឱ្យកាន់តែច្រើន មិនត្រឹមតែបង្កើតការងារជូនសិប្បករតែប៉ុណ្ណោះទេ តែកន្លែងសិប្បកម្មឬសហគ្រាស នឹងអាចពង្រីកខ្លួនបន្ថែមទៀត ក្នុងការកាត់បន្ថយការនាំចូលផលិតផលពីក្រៅប្រទេសបានទៀតផង៕ រក្សាសិទ្ធិដោយ៖CEN

×