ភ្នំពេញ ៖ វិស័យភស្តុភារកម្ម និង ការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់គឺជា ផ្នែកមួយដែលធានាឲ្យមានចរន្ត នៃការដោះដូរទំនិញដោយសេរីទាន់ពេលវេលា និងជំរុញសកម្មភាពពាណិជ្ជកម្មឲ្យកាន់តែរស់រវើក អាស្រ័យដោយការចំណាយថ្លៃដឹកជញ្ជូន និងការចំណាយថ្លៃធ្វើដំណើរ(Transportation and Travelling costs) គឺជាផ្នែកមួយនៃចំណាយពាណិជ្ជកម្ម ដែលបានរួមចំណែក១៥%ចំពោះទំនិញកសិកម្ម និង៣១%ចំពោះទំនិញឧស្សាហកម្ម។ នេះបើយោងតាមលោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

លោកជំទាវបន្តថា វិស័យភស្តុភារកម្ម និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ មានផលប៉ះពាល់ធំធេង ទៅលើភាពប្រកួតប្រជែង និងការចូលរួមទៅក្នុងខ្សែច្រវាក់តម្លៃក្នុងពិភពលោក។ ការថ្លែងរបស់លោកជំទាវរដ្ឋលេខាធិការ ធ្វើឡើងក្នុងឱកាសដែលលោកជំទាវ អញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី មូលដ្ឋានគ្រឹះនៃភស្តុភារកម្ម និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបានរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ សហការការជាមួយសមាគមភស្តុភារកម្មកម្ពុជាតាមប្រព័ន្ធវីដេអូ Zoom។
លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ បានបង្អាក់ដំណើរការសេរីភាវូបនីយកម្ម ដោយសារការបិទច្រកព្រំដែន ការរឹតត្បិតការធ្វើដំណើរនិងវិធានការពាណិជ្ជកម្មផ្សេងទៀត ជាក់ស្តែងនៅឆ្នាំ២០២០សមាជិកWTO ចំនួន៣៨ ប្រទេសបានធ្វើកំណត់សម្គាល់ វិធានការTBTចំនួន១០៦ និងអនាម័យនិងភូត្តគាមអនាម័យ(SPS)ចំនួន៦៥ទៅកាន់WTO។

លោកជំទាវថា វិធានការទាំងនេះបានប៉ះពាល់យ៉ាងខ្លាំង ទៅលើវិស័យដឹកជញ្ជូនទំនិញ ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ធ្វើឲ្យខ្សែសង្វាក់ផ្គត់ផ្គង់សាកលលោក មានភាពរអាក់រអួលយឺតយ៉ាវដែលជាបញ្ជ័យអាក្រក់នេះ រួមចំណែកទាញពាណិជ្ជកម្មសកលលោកនៅឆ្នាំ២០២០ (global merchandise trade)ឲ្យធ្លាក់ចុះ-៥,៣ ភាគរយ។
ទោះជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ប្រទេសកម្ពុជានៅតែអាចរក្សាបាននូវខ្សែច្រវ៉ាក់ផលិតកម្ម និងជំរុញការនាំចេញ តាមរយៈកិច្ចប្រឹងប្រែងទាំងការដាក់ចេញ នូវវិធានការដ៏មុតស្រួចជាបន្តបន្ទាប់ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាការពិភាក្សាផ្លាស់ប្តូរយោបល់ ក្នុងក្របខ័ណ្ឌវេទិការដ្ឋនិងវិស័យឯកជន ការពង្រឹងកិច្ចសហប្រត្តិការ ក្នុងក្របខ័ណ្ឌអាស៊ានជាមួយប្រទេសសមាជិក និងប្រទេសដៃគូ ដើម្បីរក្សាបាននូវដំណើរការខ្សែសង្វាក់ផលិតកម្ម ធុរកិច្ច និងលំហូរពាណិជ្ជកម្មអន្តរជាតិ។ ការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពទាំងអស់នេះ បានធ្វើឲ្យការនាំចេញទំនិញពីកម្ពុជា ក្នុងឆ្នាំ២០២០នៅរក្សាកំណើន ១៦,៧% ដោយសារកម្ពុជាពុំបានដាក់ការរឹតត្បិត ឬហាមឃាត់ការនាំចេញនោះទេ៕ រក្សាសិទ្ធិដោយ៖CEN


