ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង តាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាពក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍សង្កត់ទៅកាន់ក្រុមមន្ត្រីថ្នាក់ដឹកនាំអង្គភាព និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ថា ត្រូវរឹតបន្តឹងការឃាត់ផាកពិន័យ រថយន្តដែលដឹកធ្ងន់លើសការកំណត់ និងជួយថែរក្សា យានយន្ត ដែលត្រូវបានចាប់ឃាត់ទុករយៈពេលមួយឆ្នាំឱ្យបានត្រឹមត្រូវ មិនត្រូវដោះលែងទៅវិញ មុនពេលកំណត់ជាដាច់ខាត។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធ ឱ្យជួយសហការជាមួយក្រុមការងារជញ្ជីងរបស់ក្រសួង ជាពិសេសក្រុមការងារជញ្ជីងចល័ត ក្នុងការចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិត, ហើយថា ក្រុមការងារលេខាធិការដ្ឋានដឹកនាំ ត្រួតពិនិត្យយានយន្តដឹកជញ្ជូនដែលលើសទម្ងន់កម្រិតកំណត់ គឺត្រូវតែធ្វើការតាមដានឲ្យបានជាប់លាប់ និងធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដឹកជញ្ជូន ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយការដឹកជញ្ជូនលើសទម្ងន់កម្រិតនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ទាក់ទិននឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតនេះ ក្រសួងសាធារណៈការនឹងអនុវត្តវិធានការនេះ ឱ្យដូចភ្លៀងរលឹម មិនថយក្រោយទេ និងបានសំណូមពរឱ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ សហការជាមួយអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយមាត្រា ៦០ ដែលចែងថា ឡានដឹកលើស២០% ត្រូវឃាត់ទុកមួយឆ្នាំ ដើម្បីឱ្យក្រុមហ៊ុន ដឹកជញ្ជូន បានយល់ច្បាស់អំពីមាត្រាច្បាប់ និងការដាក់ទោសទណ្ឌទូលំទូលាយ ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ឱ្យបានរឹងមាំ ជៀសវាងមតិរិះគន់ថា ធ្វើផ្លូវជាប់រហូត (ឆាប់ខូច រួចហើយធ្វើទៀត)។

សូមបញ្ជាក់ថា កិច្ចប្រជុំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញនេះ គឺផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន ការប្រកាសសុពលភាពមន្ដ្រីរាជការ ដែលទើបទទួលបានការតែងតាំងថ្មីរបស់ក្រសួង , ការងារប័ណ្ណបើកបរ , ការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ , លទ្ធផលការងារបិទបញ្ចប់គម្រោងសាងសង់មណ្ឌលផ្ដល់សេវាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ទីស្ដីការក្រសួង និងទំនើបកម្មប្រព័ន្ធគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ , ការងារពង្រឹងគុណភាពផ្លូវថ្នល់ និងការងារសវនកម្ម៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN



