ខេត្តតាកែវ ៖ នេះជាករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ហួសចិត្តមួយ ដែលបានកើតឡើងរវាងឡានធុនធំ១គ្រឿង និងឡាន Prius ១គ្រឿង ដែលបានគៀបជាប់គ្នានៅលើស្ពានដែកមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ (ត្រពាំងអណ្តើក-ផ្លូវត្រពាំងក្រញូង) ក្នុងភូមិឬស្សីមួយគុម្ព ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីវេលាម៉ោង ៥ និង៣០ នាទីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ បើតាមរយៈវីដេអូជាក់ស្តែង បានបង្ហាញឲ្យឃើញឡានធុនធំ១គ្រឿងនោះ គឺបានបើកមកដល់ជិតផុតស្ពានទៅហើយ ខណៈរថយន្ត Prius បានបើកចូលទៅក្នុងស្ពានប្រហែល ២ ទៅ ៣ ម៉ែត្រ។ តែយ៉ាងណា តាមរយៈរូបភាពនេះ យើងក៏មិនអាចហ៊ានសន្និដ្ឋានថាខាងណាខុសខាងណាត្រូវនោះដែរ។
តែដោយឡែក មហាជនវិញ ក្រោយពីបានឃើញរូបភាពជាក់ស្តែងដ៏ហួសចិត្តបែបនេះ ក៏បាននាំគ្នាស្តីបន្ទោសឲ្យឡានតូចនោះថា «បើគេមកហើយ យើងមិនឈប់រង់ចាំសិនទៅ ខំត្បុរទៅរកងាប់ស្អី មានឡានជិះតែបើកបរភ្លើ សំអុីចឹងហើយ! បើកបរឡានមិនចេះយល់ពីកាលៈទេស មិនយល់ពីអាទិភាព ចង់ឈ្នះគេ ខណៈអាធំបើកជិតផុតទៅហើយ។ ខណៈអ្នកខ្លះទៀតក៏បានព្រលះឲ្យទាំងពីរថា៖ «អ្នកបើកឡានតូចចិត្តធំ អ្នកបើកឡានធំ ក៏មានចិត្តមិនតូចដែរ។ ខ្វះការអធ្យាស្រ័យដូចតែគ្នា… ចរិតអ្នកបើកបរយានជំនិះតាមផ្លូវសព្វថ្ងៃនេះ មានចិត្តសឿងសឹងតែដូចៗគ្នា…។ និយាយរួម អ្នកបើកបរឡានទាំង២នេះ ខ្វះខាតចំណេះដឹង ខ្វះសីលធម៌។ល។»។

ក្រោយឃើញមហាជនជាច្រើនស្តីបន្ទោសថាឲ្យខ្លួនជាអ្នកខុសទាំងស្រុង ស្រាប់តែម្ចាស់ឡាន Prius ដែលមានគណនីឈ្មោះថា Bee Bee បានចេញមកបកស្រាយតាមរយៈខមិនយ៉ាងដូច្នេះថា៖ «ខ្ញុំអ្នកម្ចាស់ឡានតូច ខ្ញុំសូមបកស្រាយ ឡានខ្ញុំគឺបានបើកចូលដល់លើស្ពានប្រហែល៣ម៉ែត្រហើយ ឡានធំវាបើកយ៉ាងលឿន ហើយឡានតូចគឺបានចុចស៊ីប្លេផង វ៉ៃភ្លើងផង គឺវាអត់ឈប់ទេ គឺវានៅមកលឿនដដែល ហើយពេលវាចុះមកវាថាឡានវាដែលជាឡានធំ ជាន់ហ្វ្រាំងអត់ស៊ី ហើយឡានធំបានអូសឡានតូចទៅក្រោយ ទើបឃើញរូបភាពបែបនេះ»។

តែទោះយ៉ាងណា ជុំវិញករណីនេះផងដែរ មហាជនមួយចំនួន ជាពិសេសអ្នកបើកបរឡានតូចៗ ដែលធ្លាប់ជួបបទពិសោធន៍ ស្ទើរព្រលឹងចុងសក់ម្តងៗ ដោយសារក្រុមឡានធំៗ ដែលបើកបរមិនខ្វល់ពីគ្រោះថ្នាក់អ្នកដទៃ បានលើកឡើងឲ្យដឹងថា៖ «ខ្ញុំធ្លាប់ជួបហើយ វាមិនឲ្យយើងទៅមុនទេ វាអាងវាឡានធំ, អ្នកបើកឡានធំគឺចរិតអញ្ចឹង! ១- អាងខ្លួនឡានធំ , ២- ប៉ះ ឬបុកមានម្ចាស់ ឬក្រុមហ៊ុនជាទទួលខុសត្រូវ , ៣- មានបញ្ហារត់ចោលឡាន ទៅរកក្រុមហ៊ុនថ្មីបើកទៀត… មិនខ្វះឡានបើកទេស្រុកខ្មែរនោះ …!!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






