Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជអំណោយ ជូនពលរដ្ឋក្រីក្រ ជនពិការ រងគ្រោះនិងងាយរងគ្រោះ ដោយជម្ងឺកូវីដ-១៩ ជិត៥០០គ្រួសារ

ភ្នំពេញ ៖ គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់និងថវិកាមួយចំនួន ដែលជាព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គារ គង់ សំអុល យកមកប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ ជនពិការចំនួនជិត៥០០នាក់ ដែលទទួលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។

ពិធីប្រគល់និងទទួលព្រះរាជអំណោយខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងវិទ្យាល័យចតុមុខ ក្រោមវត្តមានរបស់សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោយពីបងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ជនពិការទាំងនេះ បានទទួលការធ្វើតេស្ត យកសំណាក់រកជម្ងឺកូវីដ-១៩ ទៅតាមវិធានរបស់ក្រសួងសុខាភិបាលរួចរាល់។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ បាន
ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងខ្លាំងក្លា ពិសេសក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។ ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ ជាបន្តបន្ទាប់ពិសេស ការប្រតិបត្តិនូវគោលការណ៍គ្រឹះទាំង ៦ចំណុច របស់សម្តេចតេជោ ដើម្បីគ្រប់គ្រងសភាពការណ៍កូវីដ-១៩នេះ ឲ្យបានល្អប្រសើរ ។សម្តេចតេជោ បានដាក់ចេញនូវវិធានការ ៣ទៀត នោះគឺវិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការគាំពារសង្គម ដែលអាចកាត់បន្ថយ បាននូវការឆ្លង និងជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនៅរាជធានីភ្នំពេញ។

លោកឃួង សេ្រង ក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលរងនូវផលប៉ះពាល់ដោយជំងឺកូវីដ-១៩
នៅរាជធានីភ្នំពេញ ចំនួន៥០ម៉ឺនគ្រួសារ ហើយទទួលបានអំណោយ ក្នុងនោះមានទាំងអំណោយ របស់ព្រះមហាក្សត្រ អំណោយរបស់សម្ដេចម៉ែ អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចពញ្ញាចក្រី ហេង សំរិន សម្ដេចវិបុលសេនាភក្តី សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ សម្ដេចចៅហ្វាវាំង គង់ សំអុល និងអំណោយផ្សេងៗទៀត របស់សប្បុរសជន។

លោកឃួង ស្រេង ក្នុងឱកាសនោះ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានី រាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ បានថ្លែងអំណរព្រះរាជគុណ យ៉ាងជ្រាលជ្រៅ បំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបាន សព្វព្រះទ័យ ប្រោសព្រះរាជទាន ព្រះរាជអំណោយ តាមរយៈ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី ជូនបងប្អូនក្មួយៗ ជាជនពិការ ចំនួន ៤៤៦នាក់ នៅភ្នំពេញ ដែលក្នុងម្នាក់ៗ ទទួលបានអាវយឺត មានស្លាកព្រះរាជអំណោយ ព្រះររុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន០១, អង្ករចំនួន ១បាវ – ៥០ គីឡូក្រាម ,ឃីតចំនួន ១កញ្ចប់ ( មុង១, តួយ១, សារុង១) ម៉ាស់ ចំនួន ០១ដុំ (មាន១០បន្ទះ) មី ចំនួន ១កេស (២៤កញ្ចប់)ត្រីខ ចំនួន១០កំប៉ុងនិងថវិកា ចំនួន ២០០,០០០រៀល ។

ក្នុងឱកាសនោះដែរ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គារ គង់ សំអុល បានមានប្រសាសន៍ សំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនាម័យខ្លួនប្រាណឲ្យបានស្អាត ពិសេសគឺការអនុវត្ត នូវវិធានការរបស់ក្រសួងសុខាភិបាល និងរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ស្របទៅតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ពិសេសគឺសម្ដេចតេជោ ហ៊ុន សែន។ សម្ដេចគង់ សំអុល បានបញ្ជាក់ផងដែរថា អំណោយដែលប្រគល់ ជូនប្រជាពលរដ្ឋទាំង៤៤៦ គ្រួសារនេះ គឺជាព្រះរាជអំណោយ របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×