ភ្នំពេញ ៖ លោក កី ម៉ានេរ៉ា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានបើកសវនាការជំនុំជម្រះ លើសំណុំរឿងជនជាតិចិន២នាក់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស លើជនជាតិចិនដូចគ្នា បានប្រាក់ជាង១១ ម៉ឺនដុល្លារ។

តុលាការបានបញ្ជាក់ថាជនជាប់ចោទ ១.ឈ្មោះ Shan Shiquan ភេទប្រុស អាយុ២៧ឆ្នាំ កាន់លិខិត ឆ្លងដែនលេខ EB6361977 , ២.ឈ្មោះ Wei Bingwen ភេទប្រុស អាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EF8892397 អ្នកទាំងពីរជាប់ចោទពីបទ. លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តហិង្សា (ប្រព្រឹត្តនៅចំណុចផ្ទះជួលលេខ១៤០ ផ្លូវលេខ២៧១ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០)។
សូមបញ្ជាក់ថា ក្រោយពីបើកសវនាការជំនុំជម្រះ សួរដេញដោលលើជនជាប់ចោទទាំង២នាក់រួចរាល់ លោកចៅក្រមសម្រេចកំណត់យកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៩ ព្រឹកដើម្បីធ្វើការប្រកាសសាលក្រម។

សមត្ថកិច្ចចាប់ខ្លួនជនជាប់ចោទ បាននៅចំណុចផ្លូវព្រលានយន្ដហោះ ភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។ ក្រោយធ្វើសកម្មភាពលួចបានសម្រេចរួចហើយ ពួកគេបានជិះរថយន្ដមួយគ្រឿងម៉ាក Tacoma ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AW-4483 ទៅប្លុងចោលនៅខេត្តសៀមរាប បន្ទាប់មកជិះតាក់ស៉ីទៅខេត្ដបន្ទាយមានជ័យ ក្នុងគោលបំណងទៅប្រទេសថៃ តែច្រកព្រំដែនត្រូវបានបិទមិនឲ្យចេញចូល ហើយពួកគេស្នាក់នៅទីនោះរយៈពេល២ថ្ងៃ ទើបត្រឡប់ទៅខេត្តព្រះសីហនុវិញ។
សូមជម្រាបថាលុះដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ពួកគេបានធ្វើដំណើរពីខេត្តព្រះសីហនុ មកភ្នំពេញ ហើយបន្ដដំណើរទៅខេត្តសៀមរាប ដើម្បីទៅយករថយន្ដក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង៕ រក្សាសិទ្ធិដោយ៖ជំនោ

