ភ្នំពេញ ៖ បើតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២១នេះថា ព្រះសង្ឃនិងតា យាយសិស្ស និស្សិតនៅវត្តវ៉ារិន្ទ ហៅវត្តព្រែកលៀប ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាក បន្ទាប់ពីព្រះសង្ឃមួយអង្គ រកឃើញវិជ្ជមានកូវីត១៩។

ការចុះមកយកសំណាក ដោយក្រុមគ្រូពេទ្យជំនាញ នៅក្នុងវត្តខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោងរសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១នេះ ទៅលើព្រះសង្ឃនិងតាយាយសិស្ស និស្សិតប្រមាណជាង ១០០ អង្គនិងនាក់។
បើយោងតតាមព័ត៌មានខាងលើ ឲ្យដឹងថា ព្រះសង្ឃមួយអង្គ គង់នៅវត្តព្រែកលៀប ត្រូវបានក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យកាល់ម៉ែត រកឃើញវិជ្ជមានកូវីដ១៩ កាលពីយប់ម្សិលមិញ (ថ្ងៃទី១៤ខែកក្កដា) ខណៈពេលដែលលោកសង្ឃអង្គនោះទៅមើលញោមលោក នៅមន្ទីរពេទ្យ។
ទន្ទឹមនឹងនេះ ទាក់ទិនការឆ្លងវិជ្ជមានកូវីដ១៩ នេះត្រូវបានព្រះសង្ឃអង្គមួយអង្គនោះ បានប្រាប់អាជ្ញាធរឲ្យដឹងថា សង្ស័យថាឆ្លងពីពុទ្ធបរិស័ទ ដែលជាសាច់ញាតិអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ម្នាក់ យកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត។

អាជ្ញាធរបានបញ្ជាក់ថា បន្ទាប់ពីផ្ទុះវិជ្ជមានលើព្រះសង្ឃមួយអង្គនោះ ទើបក្រុមគ្រូ ពេទ្យ និងអាជ្ញាធរសហការគ្នា យកសំណាកទៅលើព្រះសង្ឃ និងអ្នកស្នាក់នៅក្នុងវត្តវ៉ារិន ហៅវត្តព្រែកលៀបទាំងអស់។
ទោះបីយ៉ាងណាក៏ដោយអាជ្ញាធរ បានបញ្ជាក់ថា លទ្ធផលនេះ គេពុំទាន់ដឹងថា រកឃើញវិជ្ជមាន ឬយ៉ាងណានោះទេ ខណៈក្រុមគ្រូពេទ្យជំនាញ កំពុងធ្វើការពិនិត្យលើកសំណាក។ សរុបអ្នកយកសំណាក ១០៤អង្គ/នាក់(ស្រី៦) ព្រះសង្ឃ៨៥អង្គ លទ្ធផលជាផ្លូវការ២០អង្គ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ វត្តមហាមន្រ្តី ត្រូវបានក្រុមគ្រូពេទ្យ រក្សាឃើញព្រះសង្ឃនិងតាយាយសិស្ស និស្សិតប្រមាណ៤៤ អង្គនិងនាក់ឆ្លងជំងឺកូវីដ១៩ និងសម្រេចបិទផ្អាកការចេញចូលវត្ត មួយរយៈពេល ដើម្បីទប់ស្កាត់ការឆ្លង៕ រក្សាសិទ្ធិដោយ៖ជំនោ