ភ្នំពេញ ៖ នៅលើបណ្តាញសង្គម នាពេលនេះ ឃើញថាកំពុងតែផ្ទុះការវែកញែកយ៉ាងខ្លាំង អំពីករណីគ្រោះថ្នាក់ចរាចរណ៍ រវាងឡានធំ១គ្រឿង និងឡានតូច (Prius) ១គ្រឿង បានត្រូវគៀបជាប់គ្នានៅស្ពាន ដែលឃើញហើយមហាជនពិតជាមានការហួសចិត្តជាខ្លាំងតែម្តង។

យ៉ាងណាមិញ ក្រោយករណីនេះត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំង ជាមួយការវែកញែកខុសត្រូវយ៉ាងផុសផុល ពេញក្នុងបណ្តាញសង្គមរួចមក ផេកផ្លូវការនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានលើកយកអង្គហេតុ តាមច្បាប់ចរាចរណ៍ផ្លូវគោក មកជម្រាបជូនសាធារណជនឲ្យដឹងថា «យោងមាត្រា២០ ចំណុចទី៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅលើស្ពានចង្អៀតដែលបើកបរបានតែរថយន្តមួយគ្រឿង យានយន្តធុនធំ ត្រូវទុកសិទ្ធិឱ្យយានយន្តធុនស្រាលទៅមុន។ តែបើក្នុងករណីរថយន្តធុនធំបានទៅដល់លើស្ពានមុន រថយន្តធុនស្រាលត្រូវឈប់សិន រង់ចាំទាល់តែរថយន្តធុនធំឆ្លងផុតស្ពានមុនសិន។ បញ្ជាក់ ការផុសនេះ មិនមែនរកខុសត្រូវទេ គ្រាន់តែចែករំលែកច្បាប់ចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ។ “បើកបរដោយការប្រុងប្រយ័ត្ន យោគយល់អធ្យាស្រ័យ និងគោរពច្បាប់ចរាចរណ៍»។
ដោយឡែក លោកឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ឯណេះវិញ ក្រោយឃើញបែបនេះ លោកក៏បានបញ្ចេញមតិផ្ទាល់ខ្លួន និងបញ្ជាក់យ៉ាងខ្លីចុងក្រោយដូច្នេះថា៖ «កាលពីដេីមឡេីយមានឡានតិច ហេីយច្រេីនតែឡានតូចៗទៀតផង តែពេលនេះ ដោយសារតែស្រុកទេសរើកចម្រេីន ឡានធំ ក៏មានកំណេីន ឡានតូចរឹតតែមានកំណេីន ដូចច្នេះហេីយ យេីងមានតែខិតខំពង្រើកផ្លូវ ស្ពាន តាមនេះដែរ ដូចរូបភាពដែលខ្ញុំតែងតែ បាននិងកំពុងតែអនុវត្តន៍រាល់ថ្ងៃនេះអីចឹង អ្នក បេីកបរទាំងឡាយ ដែលតែងតែបំពានទទួលខុសត្រូវ ដោយខ្លួនឯងចុះ» ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










